ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺមួយតបទៅនឹងការលើកឡើងរបស់គណនីហ្វេសប៊ុកមួយដែលបានបង្ហោះថា មានមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ ទំនងជាបែកថ្នាំ ហើយយកឯកសណ្ឋានរបស់ខ្លួនទៅបោះចោលនៅការ៉ាស់សាំងសូគីមិច ក្រុងព្រះសីហនុ ដោយអះអាងថា បុគ្គលនោះគឺជាអតីតមន្ត្រីនគរបាលដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌរួចទៅហើយ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ Chum Phearum បានបង្ហោះរៀបរាប់ថា “មានករណីភ្ញាក់ផ្អើលនឹងមន្ត្រីនគរបាលខេត្តព្រះសីហនុម្នាក់ ដែលទំនងជាបែកថ្នាំ បានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង Sokimex និង Tela ស្ថិតក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។

បន្ទាប់ពីមានការបង្ហោះករណីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំភ្លឺថា “អតីតមន្ត្រីនគរបាលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យការិយាល័យបុគ្គលិកធ្វើការណែនាំជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរួចហើយផងដែរ។ ដូចបានជំរាបជូនខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មានដល់សាធារណជនទូទៅ ឱ្យបានជ្រាបជាដំណឹង និងកុំឱ្យមានមន្ទិលសង្ស័យតទៅទៀត…”។

គួរបញ្ជាក់ថា នៅលើឯកសណ្ឋាន ឬហោប៉ៅអាវប៉ូលិសនោះ គេឃើញមានឈ្មោះស វាសនា អត្តលេខ ៦៨០៤១ ពាក់សក្តិ២ ហើយក៏មានសក្តិ៣ ថ្មី១ទៀត ដែលទំនងជាត្រៀមឡើងសក្តិផងក៏មិនដឹង។
តាមប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ម្ចាស់ឯកសណ្ឋាននេះ គឺពិតជាមន្ត្រីនគរបាលពិតមែន ហើយធ្លាប់បំរើការងារនៅការិយាល័យអគ្គិភ័យ ហើយមន្ត្រីនគរបាលខាងលើនេះ ក៏ធ្លាប់ត្រូវបាននគរបាលសង្កាត់លេខ៣ ចាប់ខ្លួនម្តងដែរ ពីបទចែកចាយ និងរក្សាទុកគ្រឿងញៀន រហូតឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិតែម្តង៕