ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយ (ក្រដាស១០ និងក្រដាស២០) ទៅទិញកាតទូរស័ព្ទពីកន្លែងលក់កាតចំនួន២កន្លែងផ្សេងគ្នា លុះជនរងគ្រោះដឹងថាជាលុយក្លែងក្លាយ ប្តឹងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន ក៏ឆែកឃើញប្រាក់ដុល្លារក្លែងក្លាយ (តាំងពីក្រដាស១០, ២០, ៥០ និង១០០ដុល្លារ) រហូតដល់ទៅ៤៧សន្លឹក។

ករណីឃាត់ខ្លួនជនសង្ស័យជិះម៉ូតូបន្លំចាយលុយដុល្លារក្លែងក្លាយខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្តុំស្ពានក្របៅជ្រុំ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ។
តាមប្រភពព័ត៌មានមន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះតាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។

ប្រភពខាងលើ បន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះតាំង តាយ បានជិះម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-7767 បានធ្វើសកម្មភាពដូចជា ចាយលុយដុល្លារក្លែងក្លាយក្រដាសប្រាក់២០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតចំនួន១ដុល្លារ ពីអ្នកលក់អីវ៉ាន់ឈ្មោះខែក ធារៈ ភេទស្រី ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ។

បន្ទាប់មកជនសង្ស័យបានបន្តចាយលុយដុល្លារក្លែងក្លាយក្រដាសប្រាក់១០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតអ្នកលក់អីវ៉ាន់ម្នាក់ទៀត ឈ្មោះប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិឃុំជាមួយគ្នា។ លុះក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានជិះម៉ូតូគេច ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបាននៅត្រង់ចំណុចខាងលើ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធី ឆែកឆេររកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ១០ដុល្លារ ចំនួន៣២សន្លឹក ក្រដាសប្រាក់ដុល្លារក្លែងក្លាយ២០ដុល្លារ ចំនួន៣សន្លឹក ក្រដាសប្រាក់ដុល្លាក្លែងក្លាយ៥០ដុល្លារ ចំនួន៩សន្លឹក និងក្រដាសប្រាក់ដុល្លារក្លែងក្លាយ១០០ដុល្លារស ចំនួន៣សន្លឹក។

ជនសង្ស័យខាងលើ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឱ្យសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕