ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ឪពុកបាននាំគ្នាទៅបេះផ្លែត្រសក់នៅក្នុងចម្ការ លុះស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែត្រូវរន្ទះបាញ់បុរសជាកូនប្រុសបណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចចម្ការត្រសក់របស់ជនរងគ្រោះ ស្ថិតនៅខាងលិចភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសា សូហ៊ីម អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មុខរបរកសិករ មានលំនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងឪពុកបាននាំគ្នាដើរមើលចម្ការត្រសក់របស់ខ្លួន និងបានដើរបេះផ្លែត្រសក់ផង លុះបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះផងដែរ ស្រាប់តែរំពេចនោះរន្ទះបានបាញ់ចំជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕