ខេត្តសៀមរាប ៖ លំនៅដ្ឋាន១ខ្នងរបស់មន្ត្រីនគរបាលព្រហ្មទណ្ឌមួយរូប ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ដោយមូលហេតុផ្តើមចេញពីទុស្សេខ្សែភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី។
ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ សង់ពីថ្មដំបូលប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះកយ គីន អាយុ៣៣ឆ្នាំ មុខរបរនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកបន្ទាយស្រី មានប្រពន្ធឈ្មោះសៅ ស្រីពេជ្រ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីផ្ទះខាងលើ រួចក៏កើតជាអណ្តាតភ្លើងឡើងយ៉ាងឆាប់រហ័ស ជាហេតុធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាជួយពន្លត់រហូតដល់ភ្លើងរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល។

តាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះជាម្ចាស់ផ្ទះ ហេតុការណ៍អគ្គិភ័យខាងលើបានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នង (ឆេះអស់ប្រហែល៤០ភាគរយ) មាសទំងន់១ដំឡឹង ប្រាក់ខ្មែរចំនួន៥០លានរៀល ឯកសារប្លង់ដី (វត្តដំណាក់ធ្លកវាទិ៍) ចំនួន១ច្បាប់ អត្តសញ្ញាណប័ណ្ណឪពុកម្តាយ និងសម្ភារធំៗមួយចំនួនជាច្រើនទៀត។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារមានការជួយពន្លត់ពីប្រជាពលរដ្ឋក្បែរនោះបានទាន់ពេលវេលា។ ចំណែកមូលហេតុ គឺផ្តើមចេញពីការទុស្សេខ្សែភ្លើង៕