Tuesday, November 25, 2025
Homeព័ត៌មានជាតិផ្អើលពេញពេទ្យ កំលោះឈឺដេកពេទ្យ បារមីទេពធីតាអង្គរ ចូលសណ្ឋិត

ផ្អើលពេញពេទ្យ កំលោះឈឺដេកពេទ្យ បារមីទេពធីតាអង្គរ ចូលសណ្ឋិត

ខេត្តសៀមរាប ៖ យុវជនម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យឯកជនមួយ នៅក្រុងសៀមរាប ខណៈកំពុងដេកព្យួរសេរ៉ូម ស្រាប់តែក្រោកអង្គុយនិយាយកោកៗទាររកផ្កាឈូក ម្លិះ និងកុលាប ដោយអះអាងថា ខ្លួនជាបារមីទេពធីតានៅប្រាសាទអង្គរវត្ត ធ្វើឱ្យក្រុមគ្រួសារនិងគ្រូពេទ្យ មានការភ្ញាក់ផ្អើលមកចោមរោមមើល និងរត់ខ្វែងដៃខ្វែងជើងគ្នារកផ្កាភ្ញីមក ថ្វាយ។

ករណីកំលោះឈឺដេកពេទ្យបារមីទេពធីតាចូលសណ្ឋិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមានការបង្ហោះឃ្លីបវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក  បង្ហាញពីសកម្មភាពអ្នកជំងឺកំលោះរូបនោះពេលបារមីចូលសណ្ឋិត ខណៈកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យមួយក្នុងក្រុងសៀមរាប។

កំលោះដែលបារមីចូលសណ្ឋិតពេលដេកពេទ្យនោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យជាង២០ឆ្នាំ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមវីដេអូឃ្លីបនោះ បង្ហាញថា អ្នកជំងឺកំលោះនោះនៅពេលបារមីចូលសណ្ឋិតបានក្រោកអង្គុយនៅលើគ្រែពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយដៃម្ខាងជាប់បន្តោកសេរ៉ូម ឯច្រមុះត្រូវបានដាក់ខ្យល់អុកស៊ីហ្សែន ជំនួយការដកដង្ហើម តែបែរជាមានកម្លាំងកំហែងដូចមនុស្សអត់ឈឺ និយាយរៀបរាប់ពីអត្តសញ្ញាណរបស់ខ្លួនមកពីទីណា? ជាបារមីអ្វី? ដោយទាមទារតង្វាយផ្កាភ្ញី រួមមាន ផ្កាឈូក ម្លិះ និងកុលាប ជាដើម។

ក្នុងវីដេអូដដែលនោះ អ្នកជំងឺកំលោះដែលបារមីចូលសណ្ឋិតបានប្រាប់ឱ្យសាច់ញាតិរៀបផ្កាម្លិះ ផ្កាឈូក ដាក់ជើងពាន និងថាសស្នោ យកទៅបណ្តែតនៅកសិណទឹកអង្គរ ថ្វាយដល់បារមីនៅឋានក្រោមទឹកទៀតផង។

យោងតាមការរៀបរាប់របស់បារមីដែលចូលសណ្ឋិតនោះ បានឱ្យដឹងថា ខ្លួនមានដំណាក់នៅប្រាសាទអង្គរវត្ត ក្បែរដំណាក់លោកតារាជ មានរូបសំណាកតែមួយអង្គគត់ គ្រងសំពត់ហូលផាមួងពណ៌ខៀវ មានអាវ មានមកុដ ខ្សែក តែមិនមានព្រះកេសទេ។

តាមសម្តីស្ត្រីឈ្មោះគង់ ធីតា អាយុ៤១ឆ្នាំ មានលំនៅក្នុងទីរួមខេត្តសៀមរាប និងជាអ្នកដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើ ព្រមទាំងបានទៅជួយនិយាយបន់ស្រន់ នៅពេលដែលយុវជនខាងលើ កំពុងត្រូវបានបារមីចូលសណ្ឋិតដែរនោះ បានរៀបរាប់ថា តាមពិតគាត់មិនបានជាប់សាច់ញាតិអ្វី ជាមួយនឹងយុវជនដែលត្រូវបារមីចូលសណ្ឋិតនោះទេ តែគាត់គ្រាន់តែទៅកំដរជំងឺសាច់ញាតិនៅក្នុងពេទ្យជាមួយគ្នានោះដែរ ដោយពេទ្យនោះ គឺជាពេទ្យឯកជន (ពេទ្យរ៉េត) មានទីតាំងនៅទីរួមខេត្ត សៀមរាប។

នៅមុនពេលកើតហេតុ គាត់បានឃើញយុវជនខាងលើ កើតមានអាការប្រកាច់ទាញដៃទាញជើង និងដូចជាមានអ្វីចង់ចូលសណ្ឋិត លុះក្រោយមកក៏មានបារមីចូលមកសណ្ឋិតក្នុងខ្លួនយុវជននោះមែន ទើបគាត់បានស្ទុះទៅជួយមើល និងនិយាយបែបន់ជាមួយនឹងបារមីប៉ុណ្ណោះ និងត្រូវបារមីតាមរយៈសំបករូបយុវជនខាងលើបានប្រាប់ថា មាននិស្ស័យជាមួយនឹងគាត់ និងតម្រូវឱ្យពួកគាត់ និងក្រុមគ្រួសារយុវជនខាងលើរៀបចំផ្កាភ្ញី ដើម្បីយកទៅដាក់ថ្វាយតាមកន្លែងសក្ការបូជាផ្សេងៗ ពិសេសកសិណទឹកមុខប្រាសាទអង្គរវត្ត។ លុះក្រោយពីបែបន់ត្រូវរ៉ូវគ្នារួចអស់ហើយ បារមីក៏បានចេញពីខ្លួនយុវជននោះវិញបាត់ទៅ។

ស្ត្រីឈ្មោះគង់ ធីតា បានបន្តថា យុវជនខាងលើពិតជាត្រូវបារមីចូលមកសណ្ឋិតមែន ហើយដោយសារតែគាត់គឺជាអ្នករបាំ ទើបបារមីប្រាប់ថា មាននិស្ស័យជាមួយ និងបានប្រាប់ឱ្យគាត់ទុកលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៀតផង។

យ៉ាងណា មកដល់ពេលនេះ គាត់ក៏បានចេញពីមន្ទីរពេទ្យវិញហើយ។ ចំណែកយុវជនរូបនេះក៏បានចេញពីមន្ទីរពេទ្យវិញដែរ តែស្ថានភាពយុវជនរូបនេះយ៉ាងណាហើយនៅ ពេលនេះ គឺគាត់មិនបានដឹងច្បាស់ទេ ព្រោះមិនបានទាក់ទងគ្នាទៀត៕

ខៀវទុំ

RELATED ARTICLES