ខេត្តកណ្តាល ៖ បុរសម្នាក់បានលែងលះប្រពន្ធអស់រយៈពេលជាង១០ឆ្នាំមកហើយ លុះក្រោយមក ចេះតែផឹកស្រាស្រវឹងរហូតដល់កើតមានជំងឺសរសៃប្រសាទប្រចាំកាយទៀតផង លុះបន្ទាប់ពីដើរបាត់ពីផ្ទះពេញ១យប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកំពង់ទឹកតាផាន ភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។
ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះផាន សម្ផស្ស ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ជាបុរសពោះម៉ាយ មានកូនប្រុសស្រី ២នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា ជនរងគ្រោះខាងលើ បានលែងលះជាមួយប្រពន្ធអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបានមកស្នាក់នៅជាមួយឪពុកម្តាយក្នុងភូមិឃុំកើតហេតុខាងលើ រហូតដល់សព្វថ្ងៃនេះ។ តាំងពីលែងលះប្រពន្ធមក ជនរងគ្រោះតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយនៅក្នុងរង្វង់ប្រមាណជាង២ឆ្នាំចុងក្រោយនេះ ជនរងគ្រោះបានកើតមានជំងឺសរសៃប្រសាទ និងត្រូវពុកម្តាយនាំយកទៅព្យាបាលដែរ ព្រមទាំងត្រូវលេបថ្នាំសរសៃប្រសាទជាប្រចាំ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានដើរចុះទៅមាត់ទន្លេមេគង្គ ហើយដោយបាត់ជនរងគ្រោះយូរ ក្រុមគ្រួសារបានតាមទៅរកឃើញតែស្បែកជើងផ្ទាត់មួយគូនៅមាត់ទឹក ទើបក្រុមគ្រួសារនិងអ្នកជិតខាងបាននាំគ្នាចុះរាវរកដែរ តែរកមិនឃើញ។ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេមេគង្គ ទើបក្រុមគ្រួសារបានស្រង់សាកសពយកមកដក់នៅក្រោមផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញសហការជាមួយក្រុមប្រឹក្សាឃុំពុកឫស្សី នគរបាលប៉ុស្តិ៍ គ្រូពេទ្យ មេភូមិនិងក្រុមគ្រួសារសព បានពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាពពោះប៉ោងមានទឹក និងឈាមហូរតាមមាត់ឯផ្នែកក្បាលក អវៈយវៈ និងដងខ្លួន ពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ។
សមត្ថកិច្ចសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕