ភ្នំពេញ ៖ បុរសម្នាក់កើតមានអាការមិនសូវស្រួលខ្លួន ក៏បានឱ្យម្តាយបង្កើតកោសខ្យល់ឱ្យ ស្រាប់តែបានមួយសន្ទុះក្រោយមកក៏កើតអាការត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខ ក្រុម៣ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះយ៉ែម ចាន់ឌី ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានកើតមានអាការមិនស្រួលខ្លួន បានតេទូរស័ព្ទហៅម្តាយឱ្យមកជួយកោសខ្យល់ឱ្យ លុះពេលម្តាយមកជួយកោសខ្យល់រួចហើយ ជនរងគ្រោះក៏បានឡើងទៅដេកនៅឡៅតឿខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៏កើតអាការមិនស្រួលកាន់តែខ្លាំង ទើបម្តាយបានប្រញាប់ឡើងទៅជួយច្របាច់ដៃជើងធ្វើចលនាឱ្យកូនដែរ តែអកុសល កូនរបស់គាត់ផុតដង្ហើមស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ និងអាជ្ញាធរសង្កាត់បឹងទំពន់ទី២ ក៏ដូចជានគរបាលបច្ចេកទេសនៃអធិការរដ្ឋាននគរបាលខណ្ឌជ័យ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងបានធ្វើកំណត់ហេតុ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តសន្សំកុសលមួយយប់ រង់ចាំព្រឹកឡើង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕