Tuesday, November 25, 2025
Homeព័ត៌មានជាតិអស់លុយ១២០០ដុល្លារ បែរជាជាប់ទោសទៅវិញ

អស់លុយ១២០០ដុល្លារ បែរជាជាប់ទោសទៅវិញ

ខេត្តកណ្តាល ៖ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជននេះបានលួចទូកម៉ាស៊ីនមួយគ្រឿងយកមកកែច្នៃ ប្តូរពណ៌ឱ្យខុសសភាពដើម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ចន្លោះម៉ោង១១និង០០នាទី ចំណុចភូមិទួលអំពិល ឃុំពញាឮ  ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះស៊ិន ង៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះសុខ មឹង ហៅពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្សារដែក រស់នៅភូមិអណ្តូងបី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងរឹបអូស ទូកប៉ាឡា១គ្រឿង ពណ៌ខៀវលាយស ទំហំទទឹង១,៩៤ម៉ែត្រ បណ្តោយផ្លូវ១៣,៨៥ម៉ែត្រ ម៉ាស៊ីនតោន ចាប់ទូក១គ្រឿង កម្លាំង១៥០សេះ ម៉ាស៊ីនបូមទឹក១គ្រឿង។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានចតទុកទូកម៉ាស៊ីនរបស់ខ្លួននៅមាត់ទន្លេខាងក្រោយផ្ទះ  ដោយបានចាក់សោច្រវាក់ត្រឹមត្រូវ។ លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥ព្រឹក ជនរងគ្រោះបានភ្ញាក់ពីដេកបានដើរទៅមើលទូកម៉ាស៊ីនរបស់ខ្លួន ស្រាប់តែបាត់មិនឃើញ ទើបឆោឡោឡើងនាំគ្នាជិះទូកតាមរក។

រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក សាច់ញាតិជនរងគ្រោះបាននាំគ្នាជិះរក តាមដងទន្លេ ក៏ប្រទះឃើញទូកម៉ាស៊ីនរបស់ខ្លួននៅមាត់ទន្លេ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានឃើញជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួសជុលកែច្នៃ និងលាបថ្នាំប្តូរពណ៌ពីខៀវ ទៅជាពណ៌ខ្មៅ។

ឃើញដូច្នេះ ក៏បានរាយការណ៍ប្តឹងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ឱ្យជួយឃាត់ខ្លួនជនសង្ស័យ និងដកហូតយកទូកម៉ាស៊ីន រួចមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ ហើយកងរាជអាវុធហត្ថ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ជូននគរបាលស្រុកពញាឮ ជាម្ចាស់ករណី ដើម្បីបន្តចាត់ការតាមនីតិវិធី។

តាមចម្លើយរបស់ជនសង្ស័យ សុខ មឹង  បានសារភាពថា ទូកម៉ាស៊ីនខាងលើនេះ គឺខ្លួនបានទិញពីមនុស្សប្រុស២នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិវៀតណាម ក្នុងតម្លៃ១.២០០ដុល្លារ ហើយខ្លួនយកទូកម៉ាស៊ីននោះមកជួសជុលកែច្នៃ និងលាបថ្នាំប្តូរពណ៌ទូកថ្មី។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES