Tuesday, November 25, 2025
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ លើកជាសំណួរថា "មានលូប្រឡាយគ្រប់គ្រាន់ហើយ ហេតុអីនៅពេលភ្លៀងម្តងៗ នៅតែលិចលង់?"

អភិបាលរាជធានីភ្នំពេញ លើកជាសំណួរថា “មានលូប្រឡាយគ្រប់គ្រាន់ហើយ ហេតុអីនៅពេលភ្លៀងម្តងៗ នៅតែលិចលង់?”

ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឃួង ស្រេង បានដឹកនាំកិច្ចប្រជុំរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ ដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សា ដោយត្រូវរៀបចំផែនការប្រមូលសំរាម ស្តារប្រឡាយលូនៅតំបន់ដែលខ្លួនកាន់កាប់ឱ្យបានល្អ ដើម្បីបញ្ចៀសការលិចលង់ និងកកស្ទះសំរាមនៅតាមផ្លូវទឹក។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា ពេលភ្លៀងប៉ុន្មានមេនេះ តាមការសង្កេតឃើញរបស់លោក នៅខណ្ឌពោធិ៍សែនជ័យ មានជំនន់កកស្ទះទឹកភ្លៀងពិតប្រាកដមែន ដោយសារសំរាមហូរមកកកស្ទះនៅមាត់លូ រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវប្រឡាយតូចៗ លូតូចៗ នៅតាមភូមិ សហគមន៍ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែចុះស្តារភ្លាម បើខ្លួនគ្មានសមត្ថភាព ត្រូវរាយការណ៍មកសាលារាជធានីភ្នំពេញ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកកឧត្តមអភិបាលរាជធានីភ្នំពេញ បន្តថា បញ្ហាការស្តារប្រឡាយលូធំៗ ជាដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង ដោយឡែក បញ្ហាលូប្រឡាយតូចៗ ជាដែនសមត្ថកិច្ចរបស់អាជ្ញាធរខណ្ឌ និងសង្កាត់ ជាអ្នកគ្រប់គ្រង ដូច្នេះត្រូវដោះស្រាយបញ្ហាការជន់លិចដោយជំនន់ទឹកភ្លៀងនេះជូនប្រជាពលរដ្ឋឱ្យបានសមស្រប ព្រោះយើងមានលូប្រឡាយគ្រប់គ្រាន់ហើយ ហេតុអីនៅពេលភ្លៀងម្តងៗ នៅតែលិចលង់? ត្រូវរកឱ្យឃើញមូលហេតុ និងអនុវត្តវិធានការដោះស្រាយ កុំឱ្យមានការលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា៕

ខៀវទុំ

RELATED ARTICLES