ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត រឿងលក់ដីតម្លៃជាង៣លានដុល្លារ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចទៅតាមអ្វីដែលខ្លួនបានសន្យា (មិនផ្ទេរកម្មសិទ្ធិជូនអ្នកទិញ) និងស៊ីដាច់លុយកក់របស់ជនរងគ្រោះ២នាក់ ចំនួនជាង២លានដុល្លារ។

ស្ត្រីសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះយូ ចន្ថា ត្រូវបានអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ និងបានបញ្ជូនទៅឱ្យអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពីបទ “រំលោភលើទំនុកចិត្ត” ប្រព្រឹត្តទៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
តាមប្រភពពីមន្ត្រីអាវុធហត្ថ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះយូ ចន្ថា បានព្រមព្រៀងលក់ដីមួយកន្លែង ក្នុងតម្លៃ៣លាន៦សែនដុល្លារ ទៅឱ្យជនជាតិចិន។ ក្រោយមកជនរងគ្រោះ បានប្រគល់ប្រាក់កក់ចំនួន ២លាន២សែន៥ម៉ឺនដុល្លារ ឱ្យទៅជនសង្ស័យ ដោយសន្យាថា រត់ការកាត់ប្លង់ដោយប្រើប្រាស់ពេល១១ខែ។

ប៉ុន្តែរហូតដល់ពេលកំណត់ ជនសង្ស័យមិនបានបំពេញកាតព្វកិច្ចតាមអ្វីដែលសន្យា ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនតែម្តង៕