Tuesday, November 25, 2025
Homeព័ត៌មានជាតិអុញ ពូម៉ូតូឌុបធ្វើស៊ីភ្ញៀវវិញម្តង... តែជួបសំណាងអាក្រក់

អុញ ពូម៉ូតូឌុបធ្វើស៊ីភ្ញៀវវិញម្តង… តែជួបសំណាងអាក្រក់

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់រកស៊ីរត់ម៉ូតូឌុបយូរៗទៅ ហាក់មិនសូវកប ក៏បែកគំនិតវាយប្លន់បុរសជាអ្នកដំណើរចំនួន២នាក់ បណ្តាលឱ្យរងរបួស រួចប្លន់យកកាបូបលុយទៅអស់ ស្រាប់តែមិនបានប៉ុន្មានក៏ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗ។

ករណីលីចួមានស្ថានទម្ងន់ទោស (យកច្រវាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលឱ្យរបួស) ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្បែររបងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្ថិតនៅខាងកើតរមណីយដ្ឋានវត្តភ្នំ តាមផ្លូវ៩៤ កែង១៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហេង អ៊ិន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលបន្ទប់លេខ៤ ផ្លូវជាតិលេខ៤ ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CO-1840 ទូរស័ព្ទដៃ១គ្រឿងម៉ាក realme ពណ៌ស្វាយ និងច្រវាក់ចាក់ជាប់មេសោមួយ (ជារបស់ជនសង្ស័យ)។

ចំណែកជនរងគ្រោះ ទី១-ឈ្មោះហោ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិវាលបំពង់ ឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (បាត់កាបូបលុយបាត់លុយចំនួន៤០ដុល្លារ ប័ណ្ណសំគាល់ម៉ូតូមួយសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក និង ទូរស័ព្ទ១គ្រឿង ម៉ាកអាយម៉ូបាយ ពណ៌ទឹកប្រាក់)។

ទី២-ឈ្មោះធុន ឆើត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិទួលវិហារមានជ័យ ឃុំក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (បាត់លុយចំនួន៤ម៉ឺនរៀល និងប័ណ្ណសំគាល់ម៉ូតូមួយសន្លឹក)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានមកថា មានករណីលួចយកសម្បត្តិ និងវាយបណ្តាលឱ្យរបួសនៅត្រង់ចំណុចកើតហេតុខាងលើ។ ភ្លាមៗនោះ កំលាំងជំនាញខណ្ឌប៉ុស្តិ៍ បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយបានប្រើច្រវាក់វាយយកទ្រព្យសម្បត្តិ និងបណ្តាលឱ្យរបួសទៅលើជនរងគ្រោះ២នាក់ប្រាកដមែន។

ករណីខាងលើនេះ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES