ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីតូចម្នាក់ឆ្លៀតពេលឪពុកចេញទៅធ្វើការ ចំណែកម្តាយលេបថ្នាំផ្តាសាយរួចដេកលក់១ភាំង ក៏ដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង និងបានទៅលេងទឹកនៅក្នុងធុងស្ពេត្រូ រួចក៏ដាំក្បាលចូលធុងស្ពេត្រូ ងើបមិនរួច និងគ្មានអ្នកណាម្នាក់បានឃើញ ទើបបណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាម្តាយភ្ញាក់ពីដំណេក ប្រទះឃើញកូនស្រីដាំក្បាលស្លាប់ក្នុងធុងស្ពេត្រូ ស្រែកទ្រហោយំបោកខ្លួនយ៉ាងខ្លាំង។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។
ក្មេងស្រីរងគ្រោះដែលដាំក្បាលចូលធុងស្ពេត្រូឈ្លក់ទឹកស្លាប់ មានឈ្មោះវីន ស្រីនុត អាយុ១ខួប មានម្តាយឈ្មោះពន ស្រីអូន អាយុ២០ឆ្នាំ និងមានលំនៅក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។

លោកវរសេនីយ៍ឯក សៅសារឿន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា តាមការរៀបរាប់របស់ម្តាយកេμងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីនាងបានចេញទៅធ្វើការបាត់ ចំណែកនាងបានឱ្យកូនស្រីលេងនៅក្បែរៗផ្ទះ លុះក្រោយមកដោយសារតែនាងលេបថ្នាំផ្តាសាយរួច មានអារម្មណ៍ទន់ភ្នែកងងុយដេកពេក ទប់មិនជាប់ក៏បានដេកលក់មួយភាំងទៅ ដោយមិនដឹងថាកូនស្រី បានដាំក្បាលចូលធុងស្ពេត្រូ ឈ្លក់ទឹកស្លាប់តាំងពីពេលណាមកនោះទេ។
លោកអធិការបន្តថា ពេលនោះម្តាយរបស់នាងឈ្មោះរ៉ន រ៉ែម អាយុ៤២ឆ្នាំ (ជីដូនរបស់ក្មេងស្រីរងគ្រោះ) បានត្រឡប់មកពីផ្សារវិញ ក៏ស្រាប់តែឃើញចៅស្រីក្នុងធុងស្ពេត្រូឈ្លក់ទឹកស្លាប់ ទើបស្រែកឆោឡោឡើងផ្អើលពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកអធិការបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានក្មេងឈ្លក់ទឹកស្លាប់ក្នុងធុងស្ពេត្រូ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យ មេភូមិ បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព។
តាមការសន្និដ្ឋាន ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយឈ្លក់ទឹកក្នុងធុងស្ពេត្រូប្រាកដមែន ដោយពុំមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ។
ក្រោយពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនម្តាយឪពុកនិងក្រុមគ្រួសារចាត់ចែធ្វើបុណ្យតាមប្រពៃណី៕