Tuesday, November 25, 2025
Homeព័ត៌មានជាតិឯកឧត្តមសៅ សុខា ថា "ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់" ក្រោយឃាត់ខ្លួននាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ

ឯកឧត្តមសៅ សុខា ថា “ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់” ក្រោយឃាត់ខ្លួននាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ

ខេត្តតាកែវ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីចែកចាយគ្រឿងញៀននៅរាជធានីភ្នំពេញ ហើយក៏បានពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តតាកែវ ដោយដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើង២ដើម ហើយអ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺសមត្ថកិច្ចជំនាញបានធ្វើការចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀតដែលជាអ្នកប្រព្រឹត្តបទល្មើសនេះដោយផ្ទាល់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភ្លាមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈុន  សុមេធា ជាមន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្តិ៤ មានតួនាទី ជានាយការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី និងទី២-ឈ្មោះកេន ចាន់រី ភេទស្រី  ភូមិគោកដូង ឃុំពេជ្រសា ស្រុកកោះអណ្តែត។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដីដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្តទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យ ដោយរកឃើញស្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរ នៅផ្ទះរបស់ជនសង្ស័យផ្ទាល់តែម្តង ក្នុងស្រុកអង្គរបុរី រកឃើញអាវុធខ្លី អត់ច្បាប់ចំនួន២ដើម កញ្ឆាមួយចំនួន និងប្រដាប់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

ដោយឡែក នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា “ជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប”៕

RELATED ARTICLES