ខេត្តកំពង់ធំ ៖ ក្មេងប្រុសតូចម្នាក់ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន បណ្តោយឱ្យដើរលេងតែម្នាក់ឯង ស្រាប់តែដើរទៅលេងនៅមាត់ប្រឡាយ រួចក៏ចុះទៅលេងទឹក ស្រាប់តែអកុសលក៏រអិលជើងចូលទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

កេμងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះទុយ វី អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយជាប់រវល់ការងាររៀងៗខ្លួន លុះក្រោយមក ក្មេងប្រុសរងគ្រោះបានដើរទៅលេងនៅមាត់ប្រឡាយ រួចក៏ចុះលេងទឹកបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលគ្មានអ្នកដឹង និងជួយសង្គ្រោះទាន់ពេល។

ប្រភពដដែលបន្តថា បន្ទាប់មកឪពុកម្តាយក្មេងប្រុសរងគ្រោះរួចដៃពីការងារ នឹកឃើញបាត់កូនប្រុសយូរក៏ចេញតាមរកពេញភូមិ ប៉ុន្តែមិនឃើញសោះ លុះសង្ស័យថា កូនប្រុសចុះលេងទឹកប្រឡាយនៅចំណុចកើតហេតុខាងលើ ក៏នាំគ្នាចុះរាវរក ទីបំផុតក៏ប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុចុះលេងទឹកប្រឡាយបណ្តាលឱ្យលង់ស្លាប់។
សាកសពកេμងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕