ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូចេញពីផ្ទះបំណងទៅទិញបន្លែពីផ្សារយកមកលក់ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម ជិះម៉ូតូប្រដេញតាមវាយប្លន់កាបូបលុយ បណ្តាលឱ្យដួលម៉ូតូទាំងអស់គ្នា និងត្រូវស្ត្រីរងគ្រោះស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋស្ទុះចេញមកជួយអន្តរាគមន៍ ជាហេតុធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោដណ្តើមបានត្រឹមកាបូបលុយ រួចក៏រត់ឡើងជិះម៉ូតូបក្ខពួកខ្លួនគេចចេញភ្លាមៗ ដោយបន្សល់ទុកម៉ូតូ១គ្រឿងនៅនឹងកន្លែងកើតហតុ។

ហេតុការណ៍ចោរវ៉ៃប្លន់ស្រីបានតែកាបូបលុយ បែរជាអស់ម៉ូតូ១គ្រឿងវិញនេះ បានកើតឡើងកាលពីម៉ោង៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DD-3264។ ចំណែកឯម៉ូតូក្រុមជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ ម៉ាក Suzuki Let ពណ៌ទឹកប្រាក់ លាយទឹកមាស ពាក់ស្លាកលេខបាត់ដំបង 1A-4678។

តាមសម្តីរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល និងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាមសុង រួចក៏បានបើកម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ បើកម៉ូតូមកជិតគាត់ រួចយកមួកសុវត្ថិភាពវាយមកលើគាត់។

ស្ត្រីរងគ្រោះបានបន្តទៀតថា ភ្លាមៗនោះរូបគាត់បានស្រែកចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ដែលដាក់ទាក់នឹងកម៉ូតូ បណ្តាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ ហើយជនសង្ស័យវាយគាត់នឹងមួកសុវត្ថិភាពបន្ថែមទៀត ខណៈពេលនោះក៏មានប្រជាពលរដ្ឋបានចេញមកច្រើន ជាហេតុធ្វើឱ្យជនសង្ស័យឃើញហេតុការណ៍មិនស្រួល ភ័យស្លន់ស្លោខ្លាំងពេក ក៏បានរត់ឡើងជិះម៉ូតូបក្ខពួករបស់គេ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅនឹងកន្លែង។

បន្ទាប់ពីសមត្ថកិច្ចបានយកម៉ូតូជនសង្ស័យ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនិរោធ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕