ខេត្តពោធិ៍សាត់ ៖ យុវជនជាជាងដែកម្នាក់បានទៅតសំយាប និងជញ្ជាំងផ្ទះឱ្យគេ លុះពេលដើរទៅដកឌុយចេញពីព្រីភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យឆ្លងចរន្តឆក់រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលសង្គ្រោះមិនបាន។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសៀក រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករផ្សារដែក មានលំនៅ ភូមិស្រែតាសេក ឃុំទំនប់ធំ ស្រុកពញាឮ។ រីឯវត្ថុតាង ចាប់យក រួមមាន ខ្សែភ្លើង១ខ្សែ មានជាប់ជាមួយព្រីភ្លើងនិងឌុយ ប្រវែង២៥ម៉ែត្រ។
តាមសម្តីបុរសឈ្មោះចាត់ ថុន អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិស្រែតាសេក ឃុំទំនប់ធំ ស្រុកពញាឮ ត្រូវជាមេជាងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ គាត់និងឈ្មោះប៊ន រឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួមនឹងជនរងគ្រោះឈ្មោះសៀក រដ្ឋា បាននាំគ្នាទៅផ្សារតសំយាប និងបិទជញ្ជាំងស័ង្កសីផ្ទះ ឱ្យឈ្មោះឌន ឌុល ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ។

ប្រភពបន្តថា លុះក្រោយមក ជនរងគ្រោះបានដើរទៅដកឌុយខ្សែភ្លើងចេញពីព្រីភ្លើង ដែលពាក់ជាប់នឹងរបងសំណាញ់ដែក នៅកន្លែងកើតហេតុ បណ្តាលឱ្យឆក់ទ្រោបទៅលើរបងសំណាញ់ និងព្យាយាមស្រែកបានតែមួយម៉ាត់ប៉ុណ្ណោះថា “ជួយផង ឆក់ហើយ”។
ប្រភពបន្ថែមថា ភ្លាមនោះ គាត់ដែលជាមេជាង និងឈ្មោះប៊ន រឿន ជាកម្មករផ្សារដែកជាមួយគ្នា បានស្ទុះទៅដកឌុយភ្លើងចេញពីព្រីភ្លើងភ្លាមៗដែរ រួចក៏ប្រញាប់នាំគ្នាដឹកជនរងគ្រោះតាមរឺម៉កកង់បី បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកសង្កាត់ពញាពន់ តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារសាច់ញាតិជនរងគ្រោះសម្រេចដឹកសពត្រឡប់ទៅផ្ទះវិញ រួចរាយកាណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រៃលាស់ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ជ្រៃលាស់ និងនគរបាលប៉ុស្តិ៍ទំនប់ធំ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារ ចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕