Tuesday, November 25, 2025
Homeព័ត៌មានជាតិគង់ សុជាតិ នាំប្តីទៅសាងស្នេហ៍ជាថ្មីនៅកោះរ៉ុង ថែមទាំងពោលពាក្យថា "បងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន"

គង់ សុជាតិ នាំប្តីទៅសាងស្នេហ៍ជាថ្មីនៅកោះរ៉ុង ថែមទាំងពោលពាក្យថា “បងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន”

ខេត្តព្រះសីហនុ ៖ ពិធីការិនីគង់ សុជាតិ ដែលមុននេះមានបញ្ហាឱបទុក្ខស្នេហ៍រឿងមានអ្នកទី៣ ចូលជ្រៀតជ្រែកចំណងស្នេហ៍ជាមួយប្តីក្មេង ពិធីករ ជា វិបុល រហូតធ្លាក់ខ្លួនឈឺដេកពេទ្យនោះ បន្ទាប់ពីបានទម្លាយរឿងឈឺចាប់ក្នុងបេះដូង ដោយព្រមានស្រីដណ្តើមប្តីបុកនឹងអង្រែប្រឡាក់អំបិលម្ទេស រួចមក ពិធីការិនីល្បីរូបនេះបាននាំប្តីទៅសាងអនុស្សាវរីយ៍ស្នេហ៍ជាថ្មីនៅលើដីកោះរ៉ុង ក្រុងព្រះសីហនុ ដើម្បីពង្រឹងចំណងស្នេហ៍ប្តីប្រពន្ធឱ្យរឹងមាំឡើងវិញ។

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ អ្នកនាងគង់ សុជាតិ បានបង្ហោះរូបភាពជាមួយស្វាមី ជា វិបុល ជាច្រើនសន្លឹកនៅលើកោះរ៉ុង ដ៏ស្រស់ស្អាត ក្នុងគណនីនិងទំព័រហ្វេសប៊ុករបស់នាង ជាមួយសំណេរថា “តោះសាងអនុស្សាវរីយ៍ជាថ្មី នៅលើទឹកដីកោះដ៏ស្រស់ស្អាត ពេលវេលាបណ្តាលឱ្យយើងជួបគ្នា ពេលវេលាបណ្តាលឱ្យស្រលាញ់គ្នា… យ៉ាងណា បងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន Chea Vibol & Kong Socheat”។

គួរបញ្ជាក់ថា អ្នកនាងគង់ សុជាតិ បាននាំប្តីក្មេងទៅដើរលេងកម្សាន្តសាងអនុស្សាវរីយ៍ជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីលេចឮថា ពិធីការិនីរូបស្រស់នេះមានការប្រចណ្ឌប្តីក្មេង ជា វិបុល រឿងស្និទ្ធស្នាលជាមួយដៃគូពិធីការិនី ចាន់ កែវនិមល រហូតថៅកែហង្សមាស បំបែកពិធីករ ជា វិបុល មិនឱ្យចាប់ដៃគូជាមួយពិធីការិនី ចាន់ កែវនិមល នោះ ទោះបីអ្នកនាងចាន់ កែវនិមល ធ្លាប់បានបដិសេធរួចហើយក៏ដោយ ក៏រឿងនេះនៅតែមានមន្ទិលមិនស្ងប់។

ជាពិសេសថ្មីៗ មានការសង្ស័យជាថ្មី ក្រោយពេលឃើញអ្នកនាងគង់ សុជាតិ បានបង្ហោះសារ ទម្លាយថា មានអ្នកទី៣ជ្រែកស្នេហ៍លួចទាក់ទងជាមួយស្វាមីអ្នកនាង ដោយអ្នកនាងធ្លាប់តាមទាន់ តាមរយៈការបង្កប់ GPS ក្នុងរថយន្តរបស់អ្នកនាង ដែលលោកជាវិបុល ជាប្តីជិះនោះ ហើយអ្នកនាងបានទាំងព្រមានស្ត្រីម្នាក់នោះថា ឆ្ងាញ់ប្តីគេ សមតែអង្រែបុកគ្រឿងប្រលាក់អំបិលម្ទេស។ ប៉ុន្តែ អ្នកនាងសុជាតិ មិនបង្ហាញអត្តសញ្ញាណស្ត្រីដែលជ្រែកស្នេហ៍អ្នកនាងនោះ ជាអ្នកណានោះទេ។

អ្នកនាងគង់ សុជាតិ បានបង្ហោះសំណេរមួយ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “កើតជាមនុស្សស្រី កុំទៅគិតចង់ដណ្តើមរបស់អ្នកដទៃ ហើយកុំនិយាយថាប្តីគេចូលមករកមុន បើខ្លួនឯងមិនចង់ដែរ គេក៏យកមិនបានត្រូវអត់?”។

អ្នកនាងគង់ សុជាតិ បានសរសេរបន្ថែមនៅថ្ងៃដដែលនោះ ជាការព្រមានស្ត្រីដែលចង់ឆក់ប្តីអ្នកនាងនោះថា “អាឆ្ងាញ់ប្តីគេចឹងហា បានតែអង្រែបុកគ្រឿង ហើយប្រលាក់អំបិល ម្ទេសទេ បានសមចិត្តវា តណ្ហាក្រាស់ណាស់ មនុស្សចឹងនោះ”។

ទោះជាយ៉ាងណា អ្នកនាងសុជាតិ បានអះអាងថា ក្រោយមានរឿងបែបនេះ ស្វាមីរបស់អ្នកនាងបានងាកមកយកចិត្តទុកដាក់ និងកាន់តែស្រឡាញ់អ្នកនាងលើសដើម ហើយដើម្បីពង្រឹងសម្ព័ន្ធស្នេហ៍ឱ្យកាន់តែរឹងមាំផ្អែមស្អិតឡើងវិញ ទើបអ្នកនាងឆ្លៀតពេលនាំប្តីមកក្រេបទឹកឃ្មុំជាថ្មី នៅលើដីកោះរ៉ុង ក្រុងព្រះសីហនុ នៅពេលនេះ៕

ខៀវទុំ

RELATED ARTICLES