Tuesday, November 25, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល ក្រោយរៀបការកូនទើបតែបាន១០ថ្ងៃ

ប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល ក្រោយរៀបការកូនទើបតែបាន១០ថ្ងៃ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ទើបនឹងរៀបមង្គលការឱ្យកូនបានប្រមាណ១០ថ្ងៃ ក៏ស្រាប់តែជួបគ្រោះអកុសល ដឹកគោទៅចង លុះពេលដើរត្រឡប់មកផ្ទះវិញក៏ដួលស្លាប់យ៉ាងអា-ណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលស្រែត្រពាំងចំបក់ ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ។

បុរសរងគ្រោះដែលដួលស្លាប់កណ្តាលវាលស្រែខាងលើនេះ មានឈ្មោះរីម ឌឿន អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះឈឿន រ៉ា អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា ជនរងគ្រោះបានកើតមានជំងឺលើសឈាមប្រចាំកាយជាយូរមកហើយ ហើយកន្លងទៅថ្មីៗនេះ ជនរងគ្រោះទើបនឹងរៀបមង្គលការកូនបានប្រមាណ១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែមកជួបគ្រោះអកុសលបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះបាននាំកូនដឹកគោយកទៅចងនៅចំណុចវាលស្រែ ខាងក្រោយផ្ទះរបស់ខ្លួនដូចសព្វដង។ លុះក្រោយពេលចងគោរួច ជនរងគ្រោះបានដេញកូនឱ្យត្រឡប់ទៅផ្ទះមុន។ ចំណែកជនរងគ្រោះឆ្លៀតឈរជជែកជាមួយនឹងអ្នកភូមិជាមួយគ្នាបន្តិចសិន ទើបដើរត្រឡប់ទៅផ្ទះវិញតាមក្រោយ ដោយដើរបណ្តើរស្រែកច្រៀងបណ្តើរ ស្រាប់តែអកុសល ទំនងជាអាការជំងឺធ្វើទុក្ខ ក៏បណ្តាលឱ្យដួលស្លាប់ភ្លាមៗមួយរំពេច។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុ មានអ្នកភូមិបានប្រទះឃើញជនរងគ្រោះដួលផ្កាប់មុខ ក៏ស្ទុះរត់ទៅមើល និងព្យាយាមជួយធ្វើចលនាសង្គ្រោះបឋមដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ និងជំងឺលើសឈាមប្រចាំកាយធ្វើទុក្ខ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES