ខេត្តបាត់ដំបង ៖ ទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់ជាច្រើនរបស់ម្ចាស់តូបលក់ដូរ និងវេរលុយវីងមួយកន្លែង ត្រូវបានជនមិនស្គាល់មុខមានគ្នាពីរនាក់បានចូលលួចយក រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៧និង៣៨នាទីព្រឹក ថ្ងៃទី៣១ ឆ្នាំ២០២០ នៅចំណុចចផ្សារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះយឿម កុសល់ ភេទស្រី អាយុ៤៨ឆ្នាំ មានលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ដែលមានមុខរបរជាអ្នកលក់ដូរ និងដាក់វីងនៅ ចំណុចកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យប្រុសស្រី២នាក់ មិនស្គាល់អត្តសញ្ញាណបានចូលមកធ្វើសកម្មភាព ដោយជនសង្ស័យជាស្ត្រីម្នាក់ធ្វើជាហៅទិញក្រមាខាងមុខតូប លុះក្រោយមកជនសង្ស័យម្នាក់ទៀតជាបុរសបានបន្លំចូលពីខាងចំហៀង ដោយលួចយកលុយ ទ្រព្យសម្បត្តិនិងសម្ភារៈ រួចគេចខ្លួនអស់តែម្តង។

ស្ត្រីរងគ្រោះបានឱ្យដឹងដែរថា ទ្រព្យសម្បត្តិនិងសម្ភារៈដែលបាត់បង់ ក្នុងនោះរួមមានប្រាក់ខ្មែរចំនួន២០លានរៀល ប្រាក់ដុល្លារចំនួន៧០០០ដុល្លារ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន១ខ្សែ តម្លៃ១៥០ដុល្លារ, ចិញ្ចៀនចំនួន១វង់ តម្លៃ១០០ដុល្លារ, ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកសូនី, កាតគ្រីម៉ូតូ១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៤សន្លឹក និងកាតវីង២សន្លឹកទៀត។

ក្រោយពីជនសង្ស័យរត់គេចខ្លួនបាត់អស់ ទើបជនរងគ្រោះដឹងថា បាត់លុយកាក់ ទ្រព្យសម្បត្តិ ក៏ស្រែកឆោឡោឡើង ដោយរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

លោកវរសេនីយ៍ត្រី ហម ភ័ណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះចំពោះករណីខាងលើ កម្លាំងជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕