ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៤រសៀល មានករណីចោរឆក់កាបូប ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល តែទីបំផុតជនសង្ស័យត្រូវបានចាប់វ៉ៃខ្នោះ។ ជនសង្ស័យដែលឆក់សូម្បីអ្នករើសអេតចាយមិនលើកលែងហើយ ត្រូវចាប់ខ្លួននេះ ឈ្មោះប៉ុក សុខរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះជួលមករើសអេតចាយនៅមុខរោងចក្រស័ង្កសី ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។ នៅពេលកំពុងរើសអេតចាយ ជនរងគ្រោះបានព្យួរកាបូបលុយនឹងដៃកង់ ពេលនោះជនសង្ស័យបានជិះម៉ូតូមកពីទិសខាងត្បូង រួចឈប់ម៉ូតូនៅជិតជនរងគ្រោះ ហើយសួរជនរងគ្រោះថា មានស្គាល់រោងចក្រផលិតសរសៃ គុយទាវឬអត់? ឆ្លៀតឱកាសដែលជនរងគ្រោះភ្លេចខ្លួន ដោយរវល់តែជជែកឆ្លងឆ្លើយជាមួយ ស្រាប់តែជនសង្ស័យកញ្ឆក់យកកាបូបរបស់ជនរងគ្រោះដែលព្យួរនឹងដៃកង់ជិះគេចខ្លួន សំដៅទៅផ្លូវជាតិលេខ៤។

ខណៈនោះជនរងគ្រោះបានស្រែកឆោឡោ ស្របពេលដែលកម្លាំងសមត្ថកិច្ចល្បាតទៅដល់ដេញស្ទាក់ចាប់បាន យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ទៅដល់ដេញ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះប្រាកដមែន។ សម្ភារៈដែលបាត់បង់ រួមមាន កាបូបរបស់ជនរងគ្រោះ១ (មានលុយចំនួន ១ ៦០០ដុល្លារ) ម៉ូតូម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៧ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1FE-9942 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំពោះកាបូបនិងប្រាក់ដុល្លារ ដែលដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕