ខេត្តស្វាយរៀង ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះក្រោយពីហូបវត្ថុសំណែន (មាន់សែនលោកតា) រួចមក ក៏ចេះតែស្រែករវើរវាយថាមានមនុស្សស្លៀកពាក់សដេញចាប់ដេញវាយ លុះមិនបានប៉ុន្មាន ក៏រត់ទៅចងកសម្លាប់ខ្លួននៅក្រោមស្ពានគយត្របែក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងក្រោមស្ពានថ្មគយត្របែក ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះកែវ រិទ្ធី ហៅបើម អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពី២ថ្ងៃមុនកើតហេតុ គេឃើញជនរងគ្រោះខាងលើបានយកសំណែន (មាន់ស្ងោរដែលប្រជាពលរដ្ឋបានសែនថ្វាយជូនលោកតាទេពយាយទេពនៅវត្តកោះជុំ សង្កាត់គយត្របែក) យកទៅហូប លុះដល់ពេលយប់ឡើយ ស្រាប់តែបុរសរូបនេះរវើរវាយឃើញអ្នកស្លៀកពាក់សដេញវាយ និងដេញចាប់រូបគាត់ ហើយបានរត់ទៅឱ្យព្រះសង្ឃក្នុងវត្តកោះជុំខាងលើជួយទៀតផង។
តាមប្រភពពីព្រះសង្ឃវត្តកោះជុំ បានមានថេរដីកាថា នៅពេល២ថ្ងៃមុនកើតហេតុនេះ បុរសរងគ្រោះខាងលើបានយកសំណែនរបស់អ្នកភូមិដែលសែនថ្វាយតាទេពយាយទេពនៅវត្តកោះជុំទៅហូប ស្រាប់តែនៅពេលយប់ ក៏រត់មកឱ្យព្រះអង្គជួយពិតមែន ដោយអះអាងថា មានអ្នកស្លៀកពាក់សបីបួននាក់ដេញវាយខ្លួន។ ស្រាប់តែព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក៏ឮថាជនរងគ្រោះបានចងកសម្លាប់ខ្លួនក្រោមស្ពានគយត្របែក ស្លាប់បាត់ទៅហើយ។

តាមអ្នកភូមិ បានឱ្យដឹងថា បុរសខាងលើគឺជាមនុស្សស្រវឹងខួបស្ទើររាល់ថ្ងៃ ខណៈក្រុមគ្រួសារបានហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹង ប៉ុន្តែមិនព្រមស្តាប់ ទើបបណ្តោយតាមយថាកម្មតែម្តង។
ក្រោយកើតហេតុ លោកមេភូមិបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីសុំអន្តរាគមន៍ បន្ទាប់មកគេឃើញកម្លាំងនគរបាល កងរាជអាវុធ ហត្ថក្រុង និងគ្រូពេទ្យជំនាញ បានមកពិនិត្យសពធ្វើកោសល្យវិច័យសពជិតមួយម៉ោង ទើបសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសារចងក ប្រាកដមែន ពោលគឺមិនមានស្នាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕