Tuesday, November 25, 2025
Homeព័ត៌មានជាតិអ្នកជិតខាងអាណិតស្ត្រីមានផ្ទៃពោះ៥ខែ ក្រោយប្តីមានរឿងនេះ

អ្នកជិតខាងអាណិតស្ត្រីមានផ្ទៃពោះ៥ខែ ក្រោយប្តីមានរឿងនេះ

ភ្នំពេញ ៖ បុរសម្នាក់បានក្រោកពីព្រឹកដាំបបរហូបរួច ក៏ហៅប្រពន្ធដែលកំពុងមានផ្ទៃពោះ៥ខែ ឱ្យរៀបចំខ្លួនចេញទៅបើកលុយនៅរោងចក្រ លុះពេលបុរសជាប្តីកំពុងរៀបអូសម៉ូតូចេញ ក៏ស្រាប់តែកើតអាការខ្យល់គរ បណ្តាលឱ្យដួលស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ក្រុម៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះឡុង គឺ ហៅជីច ឃី អាយុ៥៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរជាមេការរោងចក្រ មានប្រពន្ធឈ្មោះនុង ស្រីពេជ្រ អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃតាឌុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្តីប្រពន្ធអ្នកទាំងពីរសព្វថ្ងៃស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធមួយរយៈមកហើយ ដោយរួមរស់បង្កើតបានកូនប្រុសម្នាក់អាយុជាង១ខួប ហើយសព្វថ្ងៃនាងកំពុងពពោះកូនទី២ ក្នុងផ្ទៃ៥ខែទៀតផង។ ប្តីនាងបានកើតមានជំងឺប្រចាំកាយ (ក្រួសក្នុងប្រមាត់) និងតែងប្រើប្រាស់ថ្នាំជាប្រចាំ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានក្រោកពីដំណេកតាំងពីវេលាទៀបភ្លឺ និងបានរៀបចំដាក់ដាំបបរហូប បន្ទាប់មកនៅវេលាម៉ោង៦និង៣០នាទីព្រឹក ប្តីនាងបានហៅឱ្យនាងរៀបចំខ្លួនដើម្បីចេញទៅបើកលុយនៅរោងចក្រទាំងអស់គ្នា  លុះពេលនាងរៀបចំខ្លួនរួចហើយ ប្តីនាងក៏បានដើរទៅអូសម៉ូតូចេញពីបន្ទប់ជួល បំណងជិះដឹកគ្នាចេញទៅបើកលុយ  ស្រាប់តែអកុសល ប្តីរបស់នាងកើតមានអាការមិនស្រួលខ្លួនដួលប្រកាច់ត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច សូម្បីតែនាងស្រែកហៅអ្នកជិតខាងឱ្យជួយ ក៏ជួយមិនទាន់ផង និងធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសាកសួរ ជាក់ស្តែង ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ និងជំងឺប្រចាំកាយប្រាកដមែន ពោលគឺមិនិពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យរង់ចាំខាងស្ថានទូត សម្រេចចាត់ចែងបន្ត៕

RELATED ARTICLES