Tuesday, November 25, 2025
Homeព័ត៌មានជាតិស្រលាញ់អូនពេក អត់លុយចូលដណ្តឹង ចាប់ថើបខ្នោះ

ស្រលាញ់អូនពេក អត់លុយចូលដណ្តឹង ចាប់ថើបខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់បានលួចចាប់ចិត្តស្នេហាទៅលើកូនក្រមុំអ្នកភូមិម្នាក់ ដោយតែងលួចសម្លក់សម្លឹងទាំងយប់ទាំងថ្ងៃ ទាំងខាងស្រីមិនដឹងខ្លួនបន្តិចណាសោះ លុះចិត្តស្រលាញ់ពុះកញ្ជ្រោលខ្លាំង ប៉ុន្តែអត់មានលុយគ្មានសមត្ថភាពចូលស្តីដណ្តឹងយកមកធ្វើជាគូគាប់ បែរជាបែកគំនិតឃើញនាងដើរតាមផ្លូវ ក៏ស្ទុះទៅចាប់ឱបថើបទាំងថ្ងៃនៅកណ្តាលចំណោមមនុស្សជាច្រើន ធ្វើឱ្យខាងស្រីខ្មាសគេ និងប៉ះពាល់កិត្តិយសយ៉ាងខ្លាំង រហូតឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះនាំយកប្រុសព្រានមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានលួចស្រលាញ់ស្រី អត់មានលុយចូលស្តី បែរជាចាប់ថើបកូនក្រមុំគេទាំងកណ្តាលថ្ងៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

មន្ត្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលចាប់ថើបកូនក្រមុំគេទាំងថ្ងៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះហេង ណាគ្រី ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរកម្មករលើកគ្រឿងសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះស.ល.ណ អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះខាងលើ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះហេង ណាគ្រី ពីបទបៀតបៀនកេរ្តិ៍ខ្មាសមកលើនាង ដោយឈ្មោះហេង ណាគ្រី បានចាប់ឱបថើបនាងទាំងកណ្តាលថ្ងៃ និងនៅកណ្តាលចំណោមមនុស្សទៀតផង។

ប្រភពខាងលើ បញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងធ្វើដំណើរម្នាក់ឯងនៅតាមផ្លូវសាធារណៈ (ផ្លូវបេតុង) ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ក៏ស្រាប់តែលេចមុខជនសង្ស័យឈ្មោះហេង ណាគ្រី បានស្ទុះចេញមកចាប់នាងថើបកណ្តាលផ្លូវ ធ្វើឱ្យនាងខ្មាសគេ និងប៉ះពាល់កិត្តិយសទៀតផង ទើបនាងកើតទុក្ខមិនសុខចិត្តក៏មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហេង ណាគ្រី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន ដោយរូបគេពិតជាបានចាប់ថើបយុវតីរងគ្រោះមែន មូលហេតុ ដោយសារតែមកពីខ្លួនមានចិត្តស្រលាញ់នាងខ្លាំងពេក ណាមួយដឹងថា ខ្លួនតូចទាប គ្មានលទ្ធភាព គ្មានលុយចូលស្តីដណ្តឹងនាង ទើបបណ្តោយឱ្យចិត្តស្រលាញ់អូសទាញហ៊ានធ្វើរឿងបែបនេះ ដោយមិនបានគិតពីច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES