ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច មួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច រួចបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ថានីយបូមទឹកបឹងទំពុន តាមផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះសេង សុភ័ណ្ឌ អាយុ៣២ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារនៅម្តុំវត្តពោធិញ្ញាណ ដើម្បីទៅទិញត្រីយកមកលក់ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឆក់កាបូបក្រវាត់នៅជាប់ចង្កេះគាត់បានសម្រេច ហើយគាត់បាន ព្យាយាមជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១P-៧០២២ ដេញតាមជនសង្ស័យពីកន្លែងកើតហេតុ ផ្លូវ៣៧១ រហូតមកដល់ច្រមុះជ្រូកក្បាលថ្នល់ ស្រាប់តែបាត់ជនសង្ស័យមិនដឹងទៅផ្លូវណា។

នារីរងគ្រោះបញ្ជាក់ថា ក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានលុយខ្មែរ៨០ម៉ឺនរៀល ទូរស័ព្ទ OPPO ១គ្រឿង ខ្សែកប្លាកទីន១ខ្សែ និងអត្តសញ្ញាណប័ណ្ណ១សន្លឹកផងដែរ។

បន្ទាប់ពីដេញមិនទាន់ចោរ បង្កឱ្យមានការឆោឡោប្រាប់ប៉ូលិស ភ្លាមនោះ សមត្ថកិច្ចបានធ្វើការសួរនាំជនរងគ្រោះដឹងពីមូលហេតុ ទើបជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកជនសង្ស័យឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕