Tuesday, November 25, 2025
Homeព័ត៌មានជាតិសុំលុយម្តាយមិនបាន រត់ចេញពីផ្ទះ៣ខែ ទើបដឹងដំណឹង

សុំលុយម្តាយមិនបាន រត់ចេញពីផ្ទះ៣ខែ ទើបដឹងដំណឹង

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ព្រោះតែតូចចិត្តនឹងរឿងសុំលុយម្តាយអត់បានតាមបំណង ក៏រត់ចេញបាត់ពីផ្ទះមិនដឹងថាទៅដល់ណា ទោះជាក្រុមគ្រួសារខំប្រឹងដើរតាមរកយ៉ាងណាក៏មិនឃើញ លុះ៣ខែក្រោយមក ទើបមានគេប្រទះឃើញសាកសពជនរងគ្រោះចងកស្លាប់នៅក្នុងព្រៃ រហូតដល់ស្អុយរលួយសល់តែស្បែក និងគ្រោងឆ្អឹងប៉ុណ្ណោះ។

ករណីប្រទះឃើញសាកសពចងកសល់តែគ្រោងឆ្អឹងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា យុវជនដែលចងកស្លាប់ខាងលើនេះ មានឈ្មោះភិន សុភីម អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ឈ្មោះភិន សុភីម (ជនរងគ្រោះ) បានបាត់ខ្លួនចេញពីផ្ទះតាំងពីអំឡុងខែកុម្ភៈ កន្លងទៅមកម៉្លេះ។ ដោយមុនពេលកើតហេតុ កូនប្រុសនេះបានសុំលុយគាត់ជាម្តាយ ប៉ុន្តែគាត់មិនមានលុយឱ្យ ក៏ស្រាប់តែកូនគាត់បានដើរចេញពីផ្ទះ មិនដឹងជាទៅទីណានោះទេ ហើយទោះជាក្រុមគ្រួសារនាំគ្នាដើរតាមស្វែង រកយ៉ាងណាក៏មិនឃើញ។

ស្ត្រីជាម្តាយបន្ថែមថា រហូតមកដល់៣ខែក្រោយមក ស្រាប់តែមានអ្នកជិតខាងដើរទៅក្រោយផ្ទះ ទើបប្រទះឃើញសពកូនប្រុសគាត់ចងកស្លាប់បាត់ទៅហើយ មិនដឹងតាំងពីថ្ងៃណានោះទេ គឺពេលរកឃើញនៅសល់តែស្បែកនិងឆ្អឹងប៉ុណ្ណោះ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ នគរបាលការិយាល័យបច្ចេកទេសពិនិត្យវិភាគខេត្ត និងគ្រូពេទ្យកោសលវិច័យ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ កម្លាំងអាវុធហត្ថស្រុកភ្នំស្រួច បានបង្ហាញឱ្យឃើញថា សាកសពខាងលើ គឺពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

តាមការសន្និដ្ឋាន សាកសពខាងលើ គឺពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES