ក្រោយពេលដែលបុរសម្នាក់បានបង្ហោះវីដេអូ និយាយពាក់ព័ន្ធនឹងការបាត់គ្រឿងឡាន ដែលរក្សាទុកក្នុងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់ចំៗលើសមត្ថកិច្ចនោះ ពេលនេះជនរងគ្រោះបានទទួលសំណងពីសមត្ថកិច្ចហើយ។

នៅក្នុងជំនួបរវាងសមត្ថកិច្ច និងជនរងគ្រោះ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់វិវាទពាក់ព័ន្ធបាត់សម្ភាររថយន្ត។ ក្នុងជំនួបនោះ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន១២០០ដុល្លារ ជូនទៅជនរងគ្រោះឈ្មោះហុក តាំងហុង សំរាប់ជួយសម្រួលដល់ការបាត់បង់គ្រឿងរថយន្ត ខណៈដែលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

ចំណែកជនរងគ្រោះម្ចាស់រថយន្ត ក៏បានយល់ព្រមទទួល ទទួលថវិការចំនួន១២០០ដុល្លារ ដើម្បីបញ្ចប់វិវាទនេះផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០ គណនីហ្វេសប៊ុកមួយ មានឈ្មោះ Hok Tanghong បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹកថា “នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការនគរបាលស្រុកអង្គស្នួល ខេត្តណ្តាល ហលយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញ ស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសសេអើយ ធ្លាប់តែឮគេថា ឥឡូវជួបផ្ទាល់ខ្លួនឯង បានដឹង”។

បន្ទាប់ពីបានឃើញសារបែបនេះ លោកអធិការនគរបាលស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវ ហើយលោកនឹងចាត់កម្លាំងទាក់ទងទៅម្ចាស់រថយន្ត ដើម្បីជួយសម្រួលចេញសំណងលើការខាតបង់ខ្លះ៕

