ខេត្តតាកែវៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃកំណត់សន្យារបស់ព្រះសង្ឃឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកថ្កោល ស្រុកបុរីជលសា ខេត្តតាកែវ ដែលថា ព្រះអង្គនឹងលាចាកសិក្ខាបទ (សឹក) ក្រោយបែកធ្លាយថា ព្រះអង្គឆាតញ៉ែសង្សារគេនោះ ប៉ុន្តែមានការលើកឡើងថា បើព្រះអង្គសឹកនៅថ្ងៃនេះ នឹងចាញ់ក្មេងអ្នកគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ (LDP) ។

មុននេះ បន្ទាប់ពីបែកធ្លាយរឿងពាក់ព័ន្ធនឹងស្រ្តីភេទបែបនេះ សម្ដេចព្រះសង្ឃនាយក បានបញ្ជាឲ្យព្រះមេគណខេត្ត ចាត់វិធានការជាបន្ទាន់ កោះហៅភិក្ខុឡុង ចន្ថា មកសាកសួរ ហើយត្រូវភិក្ខុអង្គនេះដឹងកំហុស ក៏បានធ្វើកិច្ចសន្យាថា នឹងសិក្ខនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ។
ប៉ុន្តែបន្ទាប់ពីបានសន្យាថា នឹងសឹករួចមក ស្រាប់តែភិក្ខុឡុង ចន្ថា ទំនងជាពិបាកសម្រេចចិត្តក្នុងការសឹក ឬមិនសឹក ទើបកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ព្រះសង្ឃអង្គនេះបានធ្វើការស្ទង់មតិអ្នកគាំទ្រតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយជាលទ្ធផលមានមតិខ្លះចង់ឲ្យព្រះអង្គសិក្ខ និងមតិខ្លះទៀតមិនចង់ឲ្យព្រះសិក្ខ ។

គួរបញ្ជាក់ថា ថ្មីៗនេះ ភិក្ខុឡុង ចន្ថា បានបែកធ្លាយវីដូសំឡេងឆាត និងទូរស័ព្ទជាមួយនារីរូបស្រស់ម្នាក់ ដែលនាងអះអាងថា មានសង្សាររួចទៅហើយ តែភិក្ខុឡុង ចន្ថា នៅតែទាក់ទងនាង ដោយបានមានថេរដីកាផ្លែផ្កាផ្ដោះផ្ដងក្នុងន័យដែលភាសាសមញ្ញថា “ញ៉ែ” ដោយបបួលណាត់ជួបនារីនោះនៅវត្តស្អាងភ្នំ ទៀតផង ។

ទោះបីយ៉ាងណា ពាក់ព័ន្ធការបែកធ្លាយសំឡេងឆាតជាមួយមនុស្សស្រីនេះ ព្រះសង្ឃឡុង ចន្ថា បានបង្ហោះរូបថតនារីម្នាក់នោះ ក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ជាមួយសំណេរថា “លោកទុកមុខទុកមាត់ឲ្យ ទើបមិនចង់បង្ហោះជាសាធារណះ អ្វីដែលជាការពិត លោកហ៊ានទទូលខុសត្រូវ ចង់ដឹងច្បាស់ ហៅនាងមកនិយាយទល់មុខបាន ថាលោកនិយាយលេងឬនិយាយក្នុងន័យអ្វី?

ចំពោះឆាតគេបង្ហោះនោះ គឺមានការរៀបចំទុកធើស៊ីលោកជាមុន លោកតាមដានដល់ផ្ទះ ឲ្យមេភូមិមេប៉ុស្តិ៍ និយាយសម្រួលដើម្បីកុំឲ្យនាងអាប់ឱន តែនាងយំរហូត ខ្លាចខូចឈ្មោះ ចុះឈ្មោះលោក នាងទុកត្រង់ បើខូចអស់ហើយនោះ?

អ្នកដែលរៀបចំធ្វើស៊ីនោះ ជាអ្វីនឹងនាង លោកក៏ដឹង ហើយបានបញ្ជួនឲ្យក្រុម LDP វាយប្រហារលោកពេញ fb តែសូមមហាជនជ្រាបថា ចង់ដឹងការពិត យកសំឡេងឆាតហ្នឹង ហើយហៅនាងឲ្យមកនិយាយផ្ទាល់ជាមួយលោកបាន កុំចេះតែមើលងាយលោក ដោយមិនបានពិចារណាថាលោកនិយាយក្នុងន័យអ្វី ទុកមាត់ទុកមាត់ឲ្យ ព្រោះអាណិត បើមិនចេញមុខនិយាយទេ នេះជាដំណាក់កាលទី០១ ។ បញ្ជាក់ចង់ធើស៊ីលោក យករូបឲ្យច្បាស់លាស់មកផង ទើបស៊ីវាផុយ ឬមានវីដេអូថា នៅជាមួយគ្នាហ្នឹងធើស៊ីទៀតរឹតតែផុយ “ ។

ជាមួយនេះ ក្នុងបទសម្ភាសន៍ជាមួយ ”នគរធំ” កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ព្រះសង្ឃឡុង ចន្ថា ក៏បានបញ្ជាក់ថា ករណីបែកធ្លាយវីដេអូសំឡេងឆាតនោះ គឺគេធើស៊ីលោកទេ តែព្រះអង្គសារភាពថា ពិតជាបានឆាតនិយាយជាមួយនារីនោះមែន តែក្នុងន័យរាប់អានធម្មតា ដោយមិនដឹងថា គេរៀបគម្រោងធើស៊ីលោកសោះ ។
តាមរយៈសំណេរតាមហ្វេសប៊ុក និងថេរដីកាតាម ”នគរធំ” ខាងលើនេះហើយ ទើបមានការលើកឡើងថា បើភិក្ខឡុង ចន្ថា ជ្រើសយកការសិក្សាសឹកតាមការសន្យាជាមួយព្រះមេគណខេត្ត ព្រះអង្គនឹងចាញ់ក្មេងអ្នកគាំទ្រ LDP មិនខាន ដែលមានបំណងចង់ឲ្យព្រះអង្គសឹកទាល់តែបាន ។

យ៉ាងណាក៏ដោយ ជុំវិញការសឹក ឬមិនសឹកនៅថ្ងៃនេះ មិនអាចសុំការបញ្ជាក់ជាថ្មីពីព្រះសង្ឃឡុង ចន្ថា បានទេ ដោយទូរស័ព្ទរបស់ព្រះអង្គមិនអាចទាក់ទងបានទេ។

ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បានបញ្ជាក់ថា លោកមិនសឹកនោះទេ ព្រោះមិនទាន់អស់និស្ស័យ។ ហើយលោកបន្ថែមថា ទូលព្រះបង្គំនឹងប្រព្រឹត្តឲ្យបានល្អប្រសើឡើងវិញ៕