ខេត្តបន្ទាយមានជ័យ ៖ យុវជនឈាមរាវម្នាក់ពេញវ័យកំលោះចេះស្រលាញ់ស្រី តែមិនព្រមដើររកការងារធ្វើសន្សំលុយទុកដណ្តឹងប្រពន្ធខ្លួនឯងទេ បែរជាទៅរំអុកសុំម៉ែឱ្យចូលដណ្តឹងកូនក្រមុំគេមកឱ្យខ្លួន លុះម្តាយប្រាប់ថា ម៉ែក្រណាស់គ្មានលុយដណ្តឹងប្រពន្ធឱ្យនោះទេ ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីយុវជនខូចចិត្តម៉ែអត់ដណ្តឹងប្រពន្ធ ឱ្យបែរជាចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដើមត្រសេក ខាងលិចភូមិចម្ងាយប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រាស ស្រុក ស្វាយចេក។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតូចចិត្តរឿងម្តាយអត់លុយចូលស្តីដណ្តឹងប្រពន្ធឱ្យខ្លួននេះ មានឈ្មោះហ៊ុយ ហៃ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីជាម្តាយយុវជនគិតខ្លីខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមកនេះ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានមកទទូចរំអុកសុំគាត់ឱ្យចូលស្តីដណ្តឹងប្រពន្ធឱ្យគេ ព្រោះគេបានលួចស្រលាញ់កូនក្រមុំអ្នកភូមិម្នាក់។ ឮបែបនេះ គាត់ក៏បានតបទៅកូនប្រុសវិញថា ម៉ែក្រណាស់ គ្មានលុយដណ្តឹងប្រពន្ធឱ្យកូនទេ បើចង់បាន ត្រូវរកការងារធ្វើប្រឹងរកស៊ីរកលុយសន្សំទុកដណ្តឹងប្រពន្ធខ្លួនឯងទៅ ព្រោះម៉ែគ្មានលទ្ធភាពទេ។

បន្ទាប់ពីនោះមក កូនប្រុសរបស់គាត់មិនព្រមនិយាយស្តីអ្វីសោះ ចេះតែមានទឹកមុខស្រងូតស្រងាត់ ប្លែក តែគាត់ក៏មិនដឹងថាត្រូវធ្វើបែបម៉េចដែរ ដឹងថាកូនខកបំណង តែម៉ែក្របែបនេះ មានលទ្ធភាពឯណាផ្គាប់ចិត្តកូនបាន មានតែបណ្តោយឱ្យតាមដំណើរ មិននឹកស្មានថា កូនប្រុសគាត់បែរជាមានគំនិតខ្លីដល់ម្លឹងសោះ។
ស្ត្រីជាម្តាយរូបនេះ បន្តថា លុះមកដល់យប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កូនប្រុសរបស់គាត់ក៏បានចូលដេកនៅក្នុងផ្ទះដូចសព្វដង ស្រាប់តែមកដល់វេលាម៉ោង១១យប់ថ្ងៃដដែល ពេលគាត់ភ្ញាក់ពីដំណេកក៏បាត់មិនឃើញកូនប្រុស មិនដឹងថាទៅណា ហើយគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។
រហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក៏មានអ្នកប្រទះឃើញកូនប្រុសរបស់គាត់ចងកស្លាប់ រត់មកប្រាប់គាត់ជាម្តាយ ហើយគាត់ក៏ប្រញាប់ទៅមើលក៏ឃើញកូនប្រុសចងកស្លាប់ពិតមែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសាកសព ដោយមានលោកមេភូមិ លោកមេឃុំ គ្រូពេទ្យ ពេលពិនិត្យនៅលើខ្លួនសាកសពពុំមាន ស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មនោះ ទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានធ្វើអត្តឃាដចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយជនរងគ្រោះអាចចងកស្លាប់នៅចន្លោះម៉ោង១១យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ រហូតដល់ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ដោយជនរងគ្រោះបានយកខ្សែអង្រឹងពណ៌ខៀវ ចងកនឹងដើមត្រសេក ខាងលិចភូមិចម្ងាយប្រហែល៥០០ម៉ែត្រ ជើងផុតពីដីកម្ពស់២០សង់ទីម៉ែត្រ។ មូលហេតុ ខូចចិត្តខឹងនឹងម្តាយក្រ គ្មានលុយចូលស្តីដណ្តឹងប្រពន្ធឱ្យ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕