Tuesday, November 25, 2025
Homeព័ត៌មានជាតិពួកគាត់ទាំង៦៨នាក់ សំណាងបានទាហានថៃ ជួយទិញបាយឲ្យហូប

ពួកគាត់ទាំង៦៨នាក់ សំណាងបានទាហានថៃ ជួយទិញបាយឲ្យហូប

ខេត្តបន្ទាយមានជ័យ ៖ ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពលករខ្មែរដែលនៅប្រទេសថៃជាច្រើននាក់ មានបំណងចង់វិលត្រឡប់មកស្រុកកំណើតវិញព្រោះ តែអត់ការងារធ្វើ។ ចំណែកអ្នកដែលនៅស្រុកខ្មែរ ចង់ទៅធ្វើការនៅស្រុកថៃ ខណៈរដ្ឋាភិបាលថៃ កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះ មានប្រុសស្រី ចាស់ក្មេងចំនួន៦៨នាក់ ត្រូវចាញ់បោកមេខ្យល់យកទៅចោល អត់បាយក្រហាយទឹកនៅក្នុងព្រៃមួយកន្លែងក្នុងទឹកដីថៃ ស្ថិតក្នុងភូមិសាស្ត្រភូមិណងព្រឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃ ប្រទះឃើញនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ រួចនាំមកប្រគល់ឱ្យអាជ្ញាធរខ្មែរ។

សមត្ថកិច្ចថៃ បានឱ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រាតត្បាតពេញពិភពលោក ពិសេសប្រទេសថៃ ធ្វើឱ្យជនជាតិថៃស្លាប់ មានឆ្លងជាច្រើននាក់ រហូតរាជរដ្ឋាភិបាលថៃ បានប្រកាសគ្រាមានអាសន្ន រោងចក្រត្រូវបិទអស់ស្ទើរទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុកថៃ ស្ទើរអស់រហូតមកដល់សព្វថ្ងៃនេះ ប្រទេសថៃ មិនទាន់ដំណើរការដូចមុនឡើយ ព្រោះថាជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយ ហើយប្រជាជនថៃ ក៏មានការប្រុងប្រយ័ត្នទាំងអស់គ្នា។

សមត្ថកិច្ចថៃ បានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃ ប្រយ័ត្នចាញ់បោកមេខ្យល់ ដូចជានៅព្រឹកថ្ងៃទី០៩ ខែឧសភា ទាហានឈុតខ្មៅថៃ បានប្រទះឃើញប្រជាពលរដ្ឋខ្មែរ មានប្រុសស្រី ចាស់ក្មងចង់ទៅធ្វើការនៅស្រុកថៃនេះ ដោយសារតែការចាញ់បោកមេខ្យល់អស់លុយគរគោក ហើយត្រូវដេកដាច់បាយក្រហាយទឹកពេញព្រៃ មានចំនួន៦៨នាក់ (ប្រុស៣៧នាក់ ស្ត្រីចំនួន២៥នាក់ ក្មេង៦នាក់) ត្រូវបានកងទ័ពឈុតខ្មៅថៃ ឈរជើង តាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុចភូមិសាស្ត្រភូមិណងព្រឺ ប្រទះឃើញឱ្យបាយទឹកហូប មុនបញ្ជូនមកខ្មែរវិញ។

លោកមេប៉ុស្តិ៍ទាហ៊ានឈុតខ្មៅថៃ ឈ្មោះភូងកង ប៊ិន បានឱ្យដឹងថា  ក្រុមទាហានរបស់លោកបានឃាត់ទុកពលករខ្មែរខុសច្បាប់ចាញ់បោកមេខ្យល់នោះយកមកប៉ុស្តិ៍ ដោយចេញថវិកាផ្ទាល់ខ្លួន ទិញអាហារឱ្យពលរដ្ឋខ្មែរទាំងនោះហូបចុក ហើយនិងបញ្ជូនមកតាមច្រកអូរបីជាន់ មកឱ្យសមត្ថកិច្ចខ្មែរ មកទទួលយកវិញ។

ជាមួយគ្នានោះដែរ លោកបានស្នើឱ្យខាងកម្ពុជា ជួយទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផង ខណៈសព្វថ្ងៃនេះជំងឺកូវីដ-១៩ កំពុងតែរាតត្បាត។ ម៉្យាងវិញទៀត ចៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ផង។

បើតាមការសាកសួរពលករខ្មែរទាំងអស់ នោះនិយាយថា មេខ្យល់វាបានយកលុយពីពួកគាត់ម្នាក់ៗ ២.៥០០បាត ហើយមិនបានជូនដល់គោលដៅទេ ដោយពួកគេត្រូវបានមេខ្យល់លួចនាំចូលតាមកន្លែងផ្សេងៗពីគ្នាយកទៅទុកចោលក្នុងព្រៃ រួចគេចខ្លួនអស់៕

RELATED ARTICLES