ភ្នំពេញ ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅវត្តនាគវ័ន្ត កុដិលេខ២៤ ដែលគ្រប់គ្នាស្គាល់ថា ព្រះសង្ឃចិត្តធម៌តែងតែជួយពុកម៉ែបងប្អូនដែលក្រលំបាកនោះ បានសហការគ្នាជាមួយអ្នកវិនិយោគមកពីប្រទេសចិន យកថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ចំថ្ងៃបុណ្យទិវាអ្នកម្ដាយ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។

មូលហេតុព្រះតេជ្ជគុណ ព្រមទាំងអ្នកវិនិយោគជនជាតិចិន សម្រេចយកថ្ងៃបុណ្យទិវាអ្នកម្ដាយ នេះ មកធ្វើទានដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយជូនថវិកាចំនួន៤.០០០ដុល្លារអាមេរិកនោះ ព្រោះចង់រំលឹកគុណដល់អ្នកម្ដាយ ស៊ូលំបាកកាយទ្រាំពពោះ៩ខែ១០ថ្ងៃ ដើម្បីកូនប្រុសស្រីទាំងឡាយ ទម្រាំកូនបានធំធាត់មានការងារធ្វើដូចសព្វថ្ងៃនេះ លោកបានចំណាយថវិកា និងពេលវេលាច្រើនណាស់ទៅលើកូនម្នាក់ៗ ព្រោះតែចង់ឲ្យកូនបានល្អដូចគេដូចឯងរស់នៅក្នុងសង្គមមួយដ៏ថ្លៃថ្នូរ។

ឆ្លៀតក្នុងឱកាសបុណ្យទិវាអ្នកម្ដាយនេះដែរ ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត ក៏ដូចជាអ្នកវិនិយោគជនជាតិចិនទាំងអស់ សូមផ្ដាំផ្ញើដល់ប្អូនៗយុវវ័យទាំងស្រីទាំងប្រុស ព្យាយាមសិក្សារៀនសូត្រស្វែងរកការងារល្អៗ ធ្វើដើម្បីតបស្នងសងគុណដល់អ្នកម្ដាយ ត្រូវជៀសឆ្ងាយឲ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយដែលសង្គមស្អប់ខ្ពើម និងមិនទទួលស្គាល់៕


