ខេត្តប៉ៃលិន ៖ បុរសម្នាក់ទើបនឹងទិញម៉ូតូកញ្ចាស់១គ្រឿង (គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺ ច្រែះចាប់ពុកផុយ) ក្នុងតម្លៃ១៣ម៉ឺនរៀល យកមកជិះដោយមិនទាន់ឱ្យលុយគេគ្រប់នៅឡើយ ស្រាប់តែគាប់ជួនចំពេលការរឹងបន្តឹងអនុវត្តច្បាប់ចរាចរណ៍ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ផាកពិន័យគិតជាទឹកប្រាក់១០ម៉ឺនរៀល ជាហេតុធ្វើឱ្យបុរសជាម្ចាស់ម៉ូតូផ្ទុះកំហឹង ក៏ដុតម៉ូតូរបស់ខ្លួនចោលនៅចំពោះមុខមសត្ថកិច្ច រួចគេចខ្លួនបាត់ស្រមោលអស់រយៈពេល១សប្តាហ៍មកហើយ នៅមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ចនៅឡើយ។
ករណីបុរសចិត្តក្តៅដុតម៉ូតូខ្លួនឯងចោល ព្រោះតែខឹងសមត្ថកិច្ចផាកពិន័យនេះ បានកើតឡើងតាំងពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

បុរសចិត្តក្តៅដែលដុតម៉ូតូខ្លួនឯងចោលនេះ មានឈ្មោះដូង វិឆ័យ អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងមានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលដុតម៉ូតូខ្លួនឯងផ្គើននឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីខាងលើនេះ នៅមិនទាន់ចូលដោះស្រាយចំពោះមុខសមត្ថកិច្ចនៅឡើយទេ ដែលគិតមកដល់ពេលនេះមានរយៈពេល១សប្តាហ៍មកហើយ ហើយក្នុងករណីដែលបុរសរូបនេះ មិនព្រមចូលខ្លួនទេ សមត្ថកិច្ចនឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់។

តាមប្រភពពីលោកង៉ែត ទូច មេភូមិទួលខ្ពស់ និងត្រូវជាឪពុកក្មេករបស់បុរសដុតម៉ូតូចោល បានបញ្ជាក់ប្រាប់ថា នៅពេលនគរបាលចុះដាក់កម្លាំងតាមគោលដៅដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កូនប្រសារបស់គាត់បានជិះម៉ូតូស៊េរីចាស់១គ្រឿង អត់មានមួកសុវត្ថិភាព អត់ស្លាកលេខ អត់កញ្ចក់ និងគ្មានកុងទ័រ ហើយក៏ត្រូវនគរបាលធ្វើការផាកពិន័យអស់ជាង១០ម៉ឺនរៀល ស្រាប់តែកូនប្រសារគាត់ខឹងក៏បានដុតម៉ូតូខ្លួនឯងចោល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង តែត្រូវប្រជាពលរដ្ឋនិងនគរបាលនាំគ្នាជួយពន្លត់ទាន់ពេលវេលា រួចក៏អូសយកម៉ូតូនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតែម្តង។

លោកង៉ែត ទូច បានបន្តថា មូលហេតុដែលកូនប្រសាគាត់ដុតម៉ូតូចោលនោះ ព្រោះមន្ត្រីនគរបាលស្ទាក់ចាប់ ហើយពេលនោះរូបគេឃើញម៉ូតូផ្សេងទៀត អត់មួកអត់កញ្ចក់ដែរ តែត្រូវនគរបាលបើកឱ្យធ្វើដំណើរទៅមុខធម្មតា ទើបកូនប្រសារគាត់ខឹងចិត្តក៏ដុតម៉ូតូចោលដើរចេញតែម្តង។ តាមពិត ម៉ូតូចាស់១គ្រឿងដែលកូនប្រសាគាត់ដុតចោលនេះ គឺម៉ូតូស៊េរីឆ្នាំ១៩៩៧ មានតែតួដែកដែលទិញក្នុងតម្លៃ១៣ម៉ឺនរៀល ហើយមិនទាន់ឱ្យប្រាក់គេគ្រប់នៅឡើយ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមគ្រួសារក៏ខំប្រឹងពន្យល់ឱ្យកូនប្រសាខ្លួន កុំបន្តលាក់ខ្លួន បែបនេះទៀត៕