Tuesday, November 25, 2025
Homeព័ត៌មានជាតិសន្យា និងសុំទោសប៉ូលិសរួចហើយហើយ... សង្ឃឹមថា គាត់រាងចាល

សន្យា និងសុំទោសប៉ូលិសរួចហើយហើយ… សង្ឃឹមថា គាត់រាងចាល

ភ្នំពេញ ៖ បុរសម្នាក់ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថយ៉ាងចាស់ដៃទៅលើកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែខឹងសម្បានឹងរឿងការតម្រូវឱ្យធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងលើសពី 125cc ពេលនេះបានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានសារភាពកំហុស និងធ្វើការសុំទោសជាសាធារណៈផងដែរ។

បុរសដែលបានជេរប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃខាងលើនេះ មានឈ្មោះហែម ផល្លា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ YVON HEM Phalla។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បុរសម្នាក់នេះជាមនុស្សទី៣ហើយ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឱ្យចូលខ្លួនមកបំភ្លឺករណីផុសព័ត៌មានមិនពិត និងជេរប្រមាថ មើលងាយមកលើសមត្ថកិច្ចអនុវត្តច្បាប់។

បុរសម្នាក់ឈ្មោះហែម ផល្លា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាថមើលងាយយ៉ាងខ្លាំងមកលើសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បុរសម្នាក់ឈ្មោះហែម ផល្លា បានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឱ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។

សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មាន ដែលមានលក្ខណៈមើលងាយ និងជេរប្រមាទមកលើច្បាប់ និងសមត្ថកិច្ច។ បើក្នុងករណីមិនរៀងចាល សមត្ថកិច្ចនិងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES