Tuesday, November 25, 2025
Homeព័ត៌មានជាតិនាំខ្លួនផ្កាយ២សេះហោះ ទៅតុលាការ ហើយ ក្រោយចាយលុយជាង១មុឺនដុល្លារអស់

នាំខ្លួនផ្កាយ២សេះហោះ ទៅតុលាការ ហើយ ក្រោយចាយលុយជាង១មុឺនដុល្លារអស់

ភ្នំពេញ ៖ បុរសម្នាក់បានបន្លំខ្លួនជាមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ទោ (ពាក់ផ្កាយ២) រួចធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះចំនួនជាង១ម៉ឺនដុល្លារ ជាថ្នូរនឹងការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែមិនបានសម្រេច ក៏ព្យាយាមគេចវេសមិនព្រមប្រគល់ប្រាក់ឱ្យគេវិញ និងថែមទាំងគំរាមបាញ់សម្លាប់ជនរងគ្រោះទៀតផង ប្រសិនបើនៅតែតាមទារលុយពីខ្លួនទៀត ទីបំផុត ជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់វ៉ៃខ្នោះនាំយកមកចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងជំនាញក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះសេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ក្រោយបន្លំខ្លួនជាមន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយទោ ពាក់ផ្កាយ២ (ក្លែងក្លាយ) កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោកនាយការិយាល័យបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ក៏បែកធ្លាយរឿងជនសង្ស័យរូបនេះបន្លំជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពគំរាមសម្លាប់ និងគំរាមហែកកេរ្តិ៍ដោយប្រើប្រាស់អាវុធខុសច្បាប់ រួមនឹងករណីឆបោកប្រាក់ចំនួន១០៥០០ដុល្លារ។ ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន កាំភ្លើងខ្លីមួយដើមម៉ាក Glock 26 និងគ្រាប់មួយចំនួន ដោយអាវុធខ្លីនេះ គ្មានលិខិតប្រើប្រាស់ទេ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំធ្វើជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) នៅក្រសួងមហាផ្ទៃប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះចំនួន១០៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែរត់ការមិនបានសម្រេច ហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយខ្លួនបានផ្ញើសារគំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ដោយឡែក កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លូនជនសង្ស័យឈ្មោះ សេង សុភ័ក្រត្រា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពគំរាមសម្លាប់ គំរាមហែកកេរ្ដិ៍ ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក៕

RELATED ARTICLES