ខ្ញុំបាទ ភរិយា ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំងប្រជារាស្រ្ត ទូទាំងខេត្តកណ្តាល សូមចូលរួមសំដែងនូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាម្តាយបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព នាថ្ងៃចន្ទ័ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។
ការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាពេលនេះ គឺជាការបាត់បង់នូវមហាពុទ្ធបរិស័ទមួយរូប ដែលបានចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា ទាំងការគោរពប្រណិប័តន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាមនានា ។
ការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុត ។
ជាមួយនឹងសមានទុក្ខដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាមគោរាគៈទេវី សូមយាងដឹកនាំដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងឋានបរមលោក កុំបីខានឡើយ៕