ខេត្តកំពង់ឆ្នាំង ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារចេញតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានដំណឹងសោះ លុះក្រោយពីស្ត្រីជាម្តាយតាមស៊ើបដំណឹងកូនស្រីអស់៦ថ្ងៃ ក៏សង្ស័យថា កូនស្រីអាចត្រូវប្រុសម្នាក់ពង្រត់យកទៅ ព្រោះមុនបាត់ខ្លួនកូនស្រីធ្លាប់បានស្គាល់ទាក់ទងជាមួយនឹងប្រុសម្នាក់ នៅខេត្តកំពង់ស្ពឺ។
យុវតីរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះ និងត្រូវម្តាយសង្ស័យថា ត្រូវប្រុសម្នាក់ពង្រត់យកទៅនោះ មានឈ្មោះមាស ស្រីពេជ្រ អាយុ១៦ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយម្តាយចិញ្ចឹម ជាជនជាតិខ្មែរ និងឪពុកចិញ្ចឹមជាជនបរទេស និងមានលំនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
យុវតីរូបនេះបានបាត់ខ្លួនតាំងពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មកម៉្លេះ ហើយគិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ។

តាមសម្តីរបស់នារីម្នាក់ឈ្មោះឆាណែល ត្រូវជាបងស្រីរបស់យុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់នាងឈ្មោះមាស ស្រីពេជ្រ បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០មកម៉្លេះ រហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែមិនទាន់ទំនាក់ទំនង ឬដឹងដំណឹងថា នាងនៅទីណានៅឡើយ។
បងស្រីរបស់យុវតីដែលបាត់ខ្លួនខាងលើបន្តថា រវាងនាងនិងយុវតីដែលបាត់ខ្លួន ត្បិតថា សុទ្ធតែជាកូនកំព្រាដូចគ្នា និងរស់នៅជាមួយឪពុកម្តាយចិញ្ចឹម ប៉ុន្តែពួកនាងស្រលាញ់គ្នាខ្លាំងណាស់ ប្រៀបបាននឹងបងប្អូនបង្កើតអ៊ីចឹង ពិសេសទៅទៀតនោះ គឺម្តាយចិញ្ចឹមស្រលាញ់ពួកនាងលើសពីកូនបង្កើតទៅហើយ។
ហើយពេលនេះម្តាយរបស់នាងកំពុងដេកយំទន្ទឹងផ្លូវកូនស្រីម្នាក់នេះរាល់ថ្ងៃ ព្រោះតែអាណិតកូនស្រី និងព្រួយបារម្ភ ខ្លាចកូនស្រីចាញ់បោកគេ ឬក៏អាចត្រូវបុរសណាម្នាក់លួងលោមឱ្យរត់ចេញពីផ្ទះ។ ទោះបីជាយ៉ាងណា ក្រុមគ្រួសារនាងបានបន្តតាមរកប្អូនស្រីនេះអស់រយៈពេលជិត១សប្តាហ៍ មកហើយ ដោយមិនទាន់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាននៅឡើយទេ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួន បានអះអាងថា ពួកគាត់កំពុងសង្ស័យថា យុវតីរូបនេះត្រូវគេពង្រត់យកទៅ ព្រោះតែថ្មីៗនេះ ពោលគឺនៅមុនពេលដែលនាងបាត់ខ្លួននាងបានស្គាល់ប្រុសម្នាក់ រស់នៅខេត្តកំពង់ស្ពឺ ប៉ុន្តែមិនស្គាល់អត្តសញ្ញាណបុរសម្នាក់នេះនៅឡើយ។
ជាចុងក្រោយ បងស្រីរបស់យុវតីដែលបាត់ខ្លួនបានអំពាវនាវដល់ប្អូនស្រី បើសិនជាបានឮដំណឹងនេះហើយ សូមឱ្យប្អូនស្រីវិលត្រឡប់មកផ្ទះវិញឆាប់ៗ ព្រោះម៉ាក់កំពុងទឹកភ្នែករាល់ថ្ងៃ តាំងពីថ្ងៃប្អូនស្រីបាត់ចេញពីផ្ទះទៅ ព្រោះម៉ាក់គាត់ពិបាកចិត្តខ្លាចថា កូនស្រីចាញ់បោកគេ ឬត្រូវគេលួងលោមនាំយកទៅធ្វើបាប ដោយសារនាងនៅក្មេងណាស់៕