Tuesday, November 25, 2025
Homeព័ត៌មានជាតិចាក់សាំងរួចហើយ មិនព្រមចេញទៅ ចាំទាល់តែបានលុយ៣មុឺនដុល្លារ

ចាក់សាំងរួចហើយ មិនព្រមចេញទៅ ចាំទាល់តែបានលុយ៣មុឺនដុល្លារ

ខេត្តកំពង់ចាម ៖ ជនសង្ស័យមួយក្រុមបានប្រើល្បិចធ្វើជាចូលទៅចាក់សាំងនៅផ្ទះវេរលុយវីងមួយកន្លែង លុះម្ចាស់ផ្ទះរវល់មកចាក់សាំងឱ្យ ស្រាប់តែបក្ខពួកម្នាក់បានបន្លំខ្លួនចូលទៅលួចលុយពីក្នុងទូអស់ប្រមាណ៣ម៉ឺនដុល្លារ រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ដោយសុវត្ថិភាព។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះវីងវេរលុយមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះស៊្រុន វ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះនីម តូនីតា អាយុ២៨ឆ្នាំ មានលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ថា កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃកើតហេតុ ខ្លួនកំពុងតែនៅលក់ដូរនិងមានវេរលុយ (វីង) នៅផ្ទះរបស់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ មិនចាំស៊េរី ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកខោអាវឈុតពណ៌ក្រហមផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួនចំនួន៤លីត្រ ដោយឱ្យខ្លួនយកសាំងមកចាក់ម្តង២លីត្រ។

ប្រភពដដែលបន្តថា  នៅពេលនោះក៏មានបក្ខពួកម្នាក់ទៀតស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតដៃវែងពណ៌ខ្មៅ ពាក់មួកប៉ារ៉ា ពណ៌ខ្មៅ ពាក់ម៉ាសក៍ បានធ្វើសកម្មភាពដើរចូលមកក្នុងកន្លែងវេរលុយ (វីង) របស់ម្ចាស់ផ្ទះ ហើយបានយកលុយរបស់ខ្លួននៅក្នុងថតតុសម្រាប់ទុកវេរឱ្យភ្ញៀវអស់ចំនួន៣ម៉ឺនដុល្លារ ក្នុងខណៈដែលខ្លួនកំពុងតែនៅចាក់សាំងឱ្យបក្ខពួករបស់គេនៅមុខផ្ទះ។

បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រអាង ចាត់វិធានជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ពិនិត្យភិនភាគជនសង្ស័យតាមកាមេរ៉ាសុវត្ថិភាពដើម្បីតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES