Tuesday, November 25, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចមកដល់ ស្តាប់ហេតុផលរួច ឲ្យទាំងភេទទី៣ និងស្រីភេទ ទៅផ្ទះរៀងខ្លួន

សមត្ថកិច្ចមកដល់ ស្តាប់ហេតុផលរួច ឲ្យទាំងភេទទី៣ និងស្រីភេទ ទៅផ្ទះរៀងខ្លួន

ភ្នំពេញ ៖ បុរសជាភេទទី៣ម្នាក់បានកើតមានជម្លោះ រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាជាមួយនារីវ័យក្មេងម្នាក់នៅលើសួនច្បារវត្តបទុមវតី បណ្តាលឱ្យរងរបួសស្រាលទាំងសងខាង និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវសុធារស នៅចំណុចសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជាភេទទី៣ និងម្ខាងទៀតជានារីវ័យក្មេង ហើយមិនដឹងថា ពួកគេទាំង២នាក់បានខឹងគ្នារឿងអីនោះទេ ស្រាប់តែនៅសុខៗក៏ផ្ទុះជម្លោះតឹងសរសៃកដាក់គ្នា និងឈានដល់ការវាយប្រតាយប្រតប់គ្នាផ្អើលពេញសួនច្បារតែម្តង។

តាមភាគីខាងបុរសជាភេទទី៣ បាននិយាយថា មកពីខាងគេ (នារីវ័យក្មេង) មករករឿង និងជេរលើរូបខ្លួនមុន ទើបខ្លួនតបតទៅវិញ ហើយខាងគេនោះថែមទាំងបានប្រើអំពើហិង្សាវាយរូបខ្លួនទៀត ដូច្នេះរូបខ្លួនគ្រាន់តែការពារខ្លួន ទើបវាយទៅវិញដោយមានមិត្តភក្តិចាំជួយ ទើបភាគីម្ខាងទៀតរត់គចខ្លួនអស់តែម្តង។

ប្រភពដដែលបន្តថា ហើយបុរសដែលឈ្មោះខ្មៅ បានវាយទៅលើរូបខ្លួនបង្កឱ្យមានរបួសស្នាមថែមទៀត កន្លងមករូបខ្លួននិងមិត្តភក្តិ មកលេងលើសួនវត្តបុទុមតីនេះ មិនដែលមានរឿងជាមួយអ្នកណានោះទេ ទើបតែពេលនេះមានជនមួយក្រុមនេះមកបង្កលើរូបខ្លួន។

ចំណែកឯខាងនារីវ័យក្មេងជាគូទំនាស់វិញ គឺបាននិយាយថា មកពីខាងក្រុមភេទទី៣នោះ មករករឿងលើរូបខ្លួន និងមិត្តភក្តិ ហើយជនបង្កដែលមានសក់លឿង និងពាក់អាវទឹកមាសនោះ មកទះកំផ្លៀងរូបខ្លួនចំនួន៣ទៅ៤កំផ្លៀង បណ្តាលឱ្យផ្អើលដល់អ្នកនៅលើសួន និងមិត្តភក្តិគាត់ចូលមកជួយវាយទៅវាយមករងរបួសយ៉ាងដំណំ ហើយរត់ចែកជើងគ្នាអស់តែម្តង ទើបបានសមត្ថកិច្ចមកជួយអន្តរាគមន៍ រួចក៏ឈប់ឈ្លោះប្រកែកគ្នាវិញទៅ។

ក្រោយពេលកើតហេតុ ដោយសារតែភាគីទាំងសងខាងគាត់ភ័យ និងខ្លាចរៀងៗខ្លួន ទើបមិនចង់ឱ្យមានរឿងរាវច្រើន សមត្ថកិច្ចក៏សម្រេចឱ្យទៅផ្ទះរៀងៗខ្លួនតែម្តង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

RELATED ARTICLES