ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកើតមានអាការហើមនិងរមាស់ជើង ទើបបានដើរទៅផ្ទះគ្រូពេទ្យក្នុងភូមិដើម្បីទិញថ្នាំលេប លុះទៅដល់គ្រូពេទ្យបានផ្សំថ្នាំឱ្យរួចហើយ ក៏បានត្រឡប់មកផ្ទះវិញលេបថ្នាំរួច មិនបានប៉ុន្មានផងក៏កើតមានអាការបែបពពុះមាត់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ។
ករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និ១០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី។
បុរសរងគ្រោះដែលកើតមានអាការឈឺជើង លុះផ្សំថ្នាំលេបរួច បែរជាបែកពពុះមាត់ស្លាប់ មានឈ្មោះវ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានកើតមានអាការរមាស់និងហើមជើង បន្ទាប់មកជនរងគ្រោះក៏បានទៅឱ្យគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ គិ.មធ្យម កង ពិសិដ្ឋ ស្ថិតក្នុងភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ដើម្បីផ្សំថ្នាំយកមកលេប។
ប្រភពដដែលបន្តថា ក្រោយពេលផ្សំថ្នាំបានហើយ ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ រួចក៏បានលេបថ្នាំដែលផ្សំនោះបានម្តង ស្រាប់តែមិនបានប៉ុន្មានផង ជនរងគ្រោះក៏កើតមានអាការបែកពពុះមាត់បញ្ឈរភ្នែក ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោស្រែកហៅអ្នកជិតខាងឱ្យជួយដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពយ៉ាងល្អិតល្អន់ ប៉ុន្តែនៅមិនទាន់ដឹងថា ការស្លាប់របស់ជនរងគ្រោះផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕