Tuesday, November 25, 2025
Homeព័ត៌មានជាតិអភិបាលខេត្តកណ្តាល ក្រើនរំលឹកមន្ត្រី កុំភ្លេចខ្លួនទប់ស្កាត់កូវីដ-១៩

អភិបាលខេត្តកណ្តាល ក្រើនរំលឹកមន្ត្រី កុំភ្លេចខ្លួនទប់ស្កាត់កូវីដ-១៩

ខេត្តកណ្តាល ៖ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវភ្លេចខ្លួន និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់ជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាសក៍ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្ត អំពាវនាវបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកល្វាឯម កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។

ឯកឧត្តមគង់ សោភ័ណ្ឌ បានថ្លែងថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ-១៩នេះ នៅក្នុងខេត្តកណ្តាល និងទូទាំងប្រទេសក្តី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះថានៅលើពិភពលោកមិនទាន់មានការថយចុះការរីករាលដាលនៅឡើយទេ ហេតុនេះ មន្ត្រី និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវភ្លេចខ្លួននោះទេ ប៉ុន្តែត្រូវបន្តផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋក្នុងការរក្សាអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការ គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្តល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការកសាង និងអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។

ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នាលុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានចែកម៉ាសក៍ចំនួន៩០ប្រអប់ សារុងចំនួន១៩៧ ជូនដល់អ្នកចូលរួមទាំង២៣៦នាក់ ដោយក្នុងម្នាក់ ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

RELATED ARTICLES