ខេត្តព្រៃវែង ៖ ព្រះសង្ឃសាមណេរមួយអង្គបានសុគតនៅលើផ្ទះ ខណៈនិមន្តមកលេងផ្ទះញោមលោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា នៅចំណុចផ្ទះឈ្មោះហោ ហ៊ាន ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុកព្រះសង្ឃរងគ្រោះ នៅភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ច្រៀច។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ព្រះសង្ឃសាមណេរដែលសឹង និងបានសុគត ព្រះនាម ហ៊ាន វណ្ណៈ ភេទប្រុស ព្រះជន្ម២០វស្សា បួសនិងគង់នៅវត្តគួង ឃុំគោកគង់លិច។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៥ វេលាម៉ោងប្រហែល៦ល្ងាច ព្រះសង្ឃសាមណេរ ហ៊ាន វណ្ណៈ បាននិមន្តមកលេងញោមលោកនៅផ្ទះកើតហេតុខាងលើ ហើយក៏បានសឹងលើផ្ទះជាមួយញោម និងប្អូនស្រីចំនួន៤នាក់។

ប្រភពបន្តថា លុះពេលព្រឹកឡើងម៉ោងប្រហែល៦ ញោមប្រុសស្រី និងប្អូនស្រីបានចុះមកដីមុន ដោយមិនបានដាស់ជនរងគ្រោះនោះទេ។ រហូតដល់វេលាម៉ោងប្រហែល៧និង៣០នាទី ថ្ងៃទី២៦ ញោមស្រីរបស់សង្ឃរងគ្រោះបានធ្វើចង្ហាន់រួចរាល់ ក៏ឡើងទៅដាស់សង្ឃរងគ្រោះ ទើបដឹងថា សង្ឃរងគ្រោះសឹងសុគតមិនដឹងតាំងពីពេលណា ទើបឆោឡោឡើងផ្អើលអ្នកភូមិ និងសមត្ថកិច្ច។

ផ្អែកតាមការបំភ្លឺរបស់ញោមប្រុសស្រីរបស់សង្ឃរងគ្រោះ និងតាមការពិនិត្យសាកសពរបស់សមត្ថកិច្ច ឃើញថា គ្មានរបួសស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សង្ឃរងគ្រោះសុគតដោយសារជំងឺគាំងបេះដូង គឺសុគតដោយខ្លួនឯង។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពទៅឱ្យញោមប្រុសស្រី ធ្វើបុណ្យតាមប្រពៃណី៕
