Tuesday, November 25, 2025
Homeព័ត៌មានជាតិទាល់តែសន្យាសែនព្រេនឲ្យអ្នកតា កណ្តាលយប់ ទើបឲ្យរកឃើញពួកគេ

ទាល់តែសន្យាសែនព្រេនឲ្យអ្នកតា កណ្តាលយប់ ទើបឲ្យរកឃើញពួកគេ

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៤នាក់ដែលបានវង្វេងក្នុងព្រៃនៅក្នុងរមណីយដ្ឋានថ្មក្រាល ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ សាច់ញាតិរកឃើញវិញហើយ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មនុស្សប្រុសស្រីទាំង៤នាក់ ដែលបានវង្វេងក្នុងព្រៃនោះ រួមមាន ៖


ទី១-ឈ្មោះលាស់ ភាស់ត្រា ភេទប្រុស អាយុ២៥ឆ្នាំ។
ទី២-ឈ្មោះប៉េ ប៊ុនសំណាង ភេទប្រុស អាយុ២៣ឆ្នាំ។
ទី៣-ឈ្មោះប៉េ ប៊ុនលាភ ភេទស្រី អាយុ១២ឆ្នាំ។ និងទី៤-ឈ្មោះឡេង គឹមខេង ភេទប្រុស អាយុ១១ឆ្នាំ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះទាំង៤នាក់ខាងលើបាននាំគ្នាឡើងទៅលេងផ្នែកខាងលើនៃរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដោយទុកលោកយាយពីរនាក់នៅចាំខាងក្រោម លុះដល់ម៉ោងប្រមាណជាង ៦ព្រលប់ទៅហើយ នៅតែមិនឃើញអ្នកទាំង៤ត្រឡប់មកវិញ ទើបលោកយាយ២នាក់បានដើរទៅសួរគេឯងជិតៗនោះ ទើបបង្កឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងតំបន់នោះតែម្តង។

ភ្លាមៗនោះ កម្លាំងប្រជាការពារ សហគមន៍នៅតំបន់នោះបានប្រកាសតាមរយៈមេក្រូនៅតែមិនទទួលបានដំណឹងឆ្លើយតបមកវិញ ដោយមានការចាប់អារម្មណ៍ថា ទីតាំងនោះគឺមានបារមីខ្លាចក្រែងខុសមាត់ខុសក ជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅតំបន់នោះ ក៏បានទៅរកគ្រូហោ (ស្មឹងស្មាធ) មកបញ្ជាន់រូប ដើម្បីចង់ដឹងថាមនុស្សប្រុសស្រី៤នាក់នោះនៅទីណា។

ក្រោយពីបញ្ជាន់រូបរួច គ្រូបានបញ្ជាក់ថា មនុស្សប្រុសស្រី៤នាក់នោះ គឺបានខុសមាត់ជាមួយនឹងអ្នកតាភ្នំដែលមានបារមី តែត្រូវបានចាស់ទុំនៅស្រុកនោះអង្វរករ នឹងសន្យាថានៅថ្ងៃ៩កើត ខាងមុខនេះនឹងសែនព្រេនដាក់ឱ្យ។

បន្ទាប់មក អាជ្ញាធររួមនឹងកម្លាំងប្រជាការពារ កម្លាំងសហគមន៍ កម្លាំងសមត្ថកិច្ច ព្រមទាំងកម្លាំងបរិស្ថាន បានរួមសហការគ្នា ចែកជា៣ទៅ៤ក្រុម ដើម្បីដើររុករករហូតដល់ម៉ោង១១យប់ថ្ងៃដដែល ក៏បានប្រទះឃើញមនុស្សប្រុសស្រីទាំង៤នាក់ នៅកណ្តាលព្រៃដ៏ជ្រៅស្ងាត់ជ្រងំ តែនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី។

ក្រោយក្រុមអ្នករុករកបានប្រទះឃើញមនុស្សប្រុសស្រី៤នាក់នោះហើយ ក៏បាននាំយកទៅប្រគល់ឱ្យ ក្រុមគ្រួសារសាច់ញាតិនាំយក ត្រឡប់ទៅលំឋានវិញ និងបានសន្យាថានៅថ្ងៃ៩កើតនឹងយកសំណែនទៅសែនឱ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់លាក។

សូមបញ្ជាក់ថា ការវង្វេងនៅក្នុងព្រៃនេះ មិនមែនទើបនឹងកើតមានម្តងនេះទេ កន្លងមកក៏ធ្លាប់មានបុរសម្នាក់វង្វេងនៅក្នុងព្រៃតំបន់នេះ ជាច្រើនថ្ងៃផងដែរ៕

RELATED ARTICLES