ខេត្តកណ្តាល ៖ ទាហានវៀតណាមជាច្រើនក្រុមបានចូលមកក្នុងតំបន់ស បោះតង់បណ្តោះអាសន្ន និងតង់ចងជាអង្រឹង សរុបចំនួន៩កន្លែង ក្រោមហេតុផលថា ជាការទប់ស្កាត់កូវីដ-១៩ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះទៅពិនិត្យ និងបញ្ជាឱ្យភាគីខាងវៀតណាម រុះរើតង់ចេញជាបន្ទាន់។

តាមប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានដឹកនាំកម្លាំងដោយផ្ទាល់រួមមាន លោកស្នងការរង មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ លោកអធិការស្រុក និងកម្លាំងប៉ុស្តិ៍ដំបូកចែវ ជាច្រើនរូបទៀត ចុះទៅពិនិត្យដោយថ្មើរជើងតាមបន្ទាត់ព្រំដែន ពីចំណុចបាកដាយ ដល់ចំណុចចំការចេក ដែលជាគោលដៅចំណុះឱ្យប៉ុស្តិ៍ដំបូកចែវ។

ការចុះពិនិត្យតាមបណ្តោយព្រំដែននេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានឱ្យដឹងថា ដើម្បីធ្វើយ៉ាងណាឱ្យក្នុងតំបន់ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរ បានឡើយ។

ក្រោយពីការចុះពិនិត្យជាក់ស្តែង ឃើញមានតង់ចំនួន៩កន្លែង ដែលទាហានវៀតណាម សាងសង់ចូលក្នុងតំបន់ស ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩នោះ លោកស្នងការ ឈឿន សុចិត្ត ក៏បានបញ្ជាឱ្យភាគីខាងវៀតណាម រុះរើតង់ចេញនិងដកថយក្រោយឱ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស ភ្លាមៗ។

ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានប្រាប់ឱ្យលោកមេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ធ្វើយ៉ាងណាជំរុញកម្លាំងប៉ុស្តិ៍តាមបន្ទាត់ព្រំដែន ឱ្យដើរល្បាតជាប់ជាប្រចាំតាមបន្ទាត់ព្រំដែននៅជាប់តំបន់សនោះផងដែរ។

លោកស្នងការ ឈឿន សុចិត្ត ក៏បានបញ្ជាក់ដែលថា ប៉ុស្តិ៍ព្រំដែនដំបូកចែវ មានគោលដៅ២ប៉ុស្តិ៍បន្ថែមទៀតដែលមានប្រវែងពីគ្នា ជិត៥គីឡូម៉ែត្រ (ប៉ុស្តិ៍បាកដាយ និងប៉ុស្តិ៍ចំការចេក) កម្លាំងតាមប៉ុស្តិ៍ព្រំដែន ត្រូវតែដើរល្បាតជាប្រចាំដើម្បីធ្វើយ៉ាងរក្សាសន្តិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន៕



