Tuesday, November 25, 2025
Homeព័ត៌មានជាតិប្រធានក្លិបអ្នកកាសែត ៖ អ្នកសារព័ត៌មានដើរតួសំខាន់ ទប់ស្កាត់កូវីដ-១៩

ប្រធានក្លិបអ្នកកាសែត ៖ អ្នកសារព័ត៌មានដើរតួសំខាន់ ទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ៖ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានជំរុញលើកទឹកចិត្តអ្នកសារព័ត៌មាន ឱ្យបន្តផ្សព្វផ្សាយសារអប់រំទាក់ទងនឹងក្បួនអនាម័យ ការពាក់ម៉ាសក៍ រួមទាំងសកម្មភាពផ្សេងៗទៀតទៅដល់សាធារណជន ដើម្បីឱ្យយល់ដឹងពីវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ-១៩ ព្រោះថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការរួមចំណែកទប់ស្កាត់ជំងឺឆ្លងថ្មីមួយនេះ។

លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា

លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងពិធីចែកម៉ាសក៍វេជ្ជសាស្ត្រដល់តំណាងអង្គភាព ស្ថាប័នសារព័ត៌មាន មកពីប្រមាណ២០អង្គភាព នៅទីស្នាក់ការក្លឹបអ្នកកាសែតកម្ពុជា។

 ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានមិនត្រូវទម្លាក់ដៃនោះទេ គឺត្រូវតែបន្តជួយផ្សព្វផ្សាយសារអប់រំទាក់ទងនឹងក្បួនអនាម័យ ការពាក់ម៉ាសក៍ រួមទាំងសកម្មភាពផ្សេងៗទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យយល់ពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយហេតុថា ការបន្តជួយផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មាននានា គឺមានសារសំខាន់ និងជាការរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ 

យ៉ាងណាក្តី លោកប៉ែន បូណា ក៏បានក្រើនរំលឹកដល់សហសេវិកអ្នកសារព័ត៌មាន ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពោលគឺត្រូវការពារចេញពីខ្លួនឯងផ្ទាល់ មិនត្រូវភ្លេចខ្លួនដាច់ខាតតាមរយៈការពាក់ម៉ាសក៍ លាងសម្អាតដៃ ធ្វើអនាម័យឱ្យបានជាប់ជានិច្ច នៅរាល់ពេលចុះយកព័ត៌មានតាមកន្លែងផ្សេងៗ ពិសេសទីតាំងដែលប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ម៉ាសក៍វេជ្ជសាស្ត្រចំនួន៣០០០ម៉ាសក៍ ដែលផ្តល់ជូនតំណាងអង្គភាពសារព័ត៌មាន និងសមាជិកសមាជិកាក្លឹបអ្នកកាសែត នាពេលនេះ គឺជាអំណោយឧបត្ថម្ភពីសារព័ត៌មានត្នោត (TNAOT APP) ដែលបានផ្តល់ដល់ក្លឹបអ្នកកាសែតកម្ពុជា ដើម្បីចែករំលែកបន្តដល់អ្នកសារព័ត៌មាន ដើម្បីប្រើប្រាស់ការពារពីការឆ្លងជំងឺកូវីដ-១៩ នៅពេលដែលពួកគាត់ចុះបំពេញការងារ។

លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ថ្វីដ្បិតតែយើងមិនមានម៉ាសក៍ច្រើន ប៉ុន្តែនេះជាទឹកចិត្ត និងកាយវិការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

RELATED ARTICLES