ខេត្តកណ្តាល ៖ យុវជនម្នាក់បានជួបជុំគ្នាជាមួយមិត្តភក្តិផឹកទឹកត្នោតជូរអស់ជាច្រើនលីត្រ រហូតដល់ស្រវឹងធ្លាក់ភ្នែកក៏ស្រាប់តែបែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំ១សន្លឹក ផ្តែផ្តាំឱ្យទុកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឱ្យទៅមនុស្សស្រីម្នាក់ ដោយអះអាងថា “ខ្ញុំស្រលាញ់នាងណាស់”។
ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។
យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះសុវណ្ណ រតនា ហៅតុង អាយុ២០ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះខាងលើមានឪពុកឈ្មោះសូ សុវណ្ណ អាយុ៥៨ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះដន ណាវី អាយុ៥១ឆ្នាំ មុខរបរអនាម័យ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា ប៉ុន្តែឪពុកម្តាយជនរងគ្រោះបានលែងលះគ្នាអស់រយៈពេល១២ឆ្នាំមកហើយ ហើយជនរងគ្រោះបានចេញទៅរស់នៅជាមួយឪពុកមា ឈ្មោះប៉េង ពេជ្រ និងម្តាយមីងឈ្មោះឈួន សំអឿន នៅភូមិឃុំជាមួយគ្នាតាំងពីតូចមកម៉្លេះ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានទៅផឹកទឹកត្នោតជូរជាមួយឈ្មោះវួន ប្រុស និងមិត្តភក្តិ៥នាក់ទៀត នៅផ្ទះរបស់ឈ្មោះវួន ប្រុស។ ពេលនោះជនរងគ្រោះបាននិយាយ ប្រាប់ឈ្មោះវួន ប្រុស ថា ខ្លួនពិបាកចិត្តខ្លាំងណាស់ ឮបែបនេះ ឈ្មោះវួន ប្រុស បានសួរថា “អ្ហែងពិបាកចិត្តរឿងអី?” តែជនរងគ្រោះមិនប្រាប់។

ប្រភពបន្តទៀតថា លុះដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ក្រោយពេលផឹកទឹកត្នោតជូរស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ (ផ្ទះរបស់ឪពុកមានិងម្តាយមីង) ពេលមកដល់ផ្ទះ ជនរងគ្រោះបានឡើងលើផ្ទះរួចចូលក្នុងបន្ទប់ដេករបស់ខ្លួនបិទទ្វារជិត។
ប្រភពបន្ថែមថា រហូតដល់វេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃដដែល ឈ្មោះឈួន សំអួន ជាម្តាយធំជនរងគ្រោះបានបើកទ្វារបន្ទប់ហៅជនរងគ្រោះ ក៏ឃើញជនរងគ្រោះចងកនឹងក្រមាពណ៌ខៀវលាយស ភ្ជាប់នឹងធ្នឹមផ្ទះជាប់ជញ្ជាំងស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោកាត់ខ្សែចំណងដាក់ជនរងគ្រោះចុះមកកណ្តាលផ្ទះ រួចក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិលចុះមកពិនិត្យភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ ក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា ជនរងគ្រោះមានស្នាមជាំនៅក ចាប់ពីគុម្ពត្រចៀកម្ខាង ដល់គុម្ពត្រចៀកម្ខាងទៀត ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ពោលគឺជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញលិខិតិបណ្តាំ១ច្បាប់ ដែលជនរងគ្រោះបានបន្សល់ទុកមុនពេលចងកសម្លាប់ខ្លួនផងដែរ។
នៅក្នុងលិខិតបណ្តាំរបស់ជនរងគ្រោះ បានសរសេរបញ្ជាក់ថា “ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំដូចជាគ្មានន័យ ហត់នឿយក្នុងជីវិតមួយនេះណាស់ សុំទោសប៉ាម៉ាក់ដែលកូនមិនបានលា សុំទោសដែលកូនធ្វើឱ្យអ្នកទាំងពីរពិបាកដោយសារតែខ្ញុំ ហើយពេលខ្ញុំស្លាប់ទៅ ខ្ញុំសុំឱ្យយកម៉ូតូ ខ្សែដៃ ចិញ្ចៀនរបស់ខ្ញុំ ឱ្យលីដា ផង ព្រោះខ្ញុំស្រលាញ់វាណាស់…”។

តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ ឈ្មោះលីដា នៅក្នុងលិខិតបណ្តាំរបស់ជនរងគ្រោះនោះ គឺជាបងស្រីរបស់ជនរងគ្រោះ។
ក្រោយពេលពិនិត្យរួច បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕