ភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ “ហ៊ូលូ ហ្គាមេន” ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ ក្នុងចំណោម១០២០នាក់ បានសម្តែងការភ្ញាក់ផ្អើល ខណៈដែលក្រុមហ៊ុនឱ្យឈប់សម្រាក ហើយផ្តល់ប្រាក់ឈ្នួលឱ្យត្រឹម៤០ភាគរយនៃចំនួនប្រាក់ខែគោល រយៈពេល២ខែមកហើយ។

លុះវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្រាប់តែខាងរោងចក្រហៅទៅបើកលុយ៤០ភាគរយ ហើយសរសេរនៅក្នុងលិខិតការងារដាក់ថា ពួកគេសុំលាឈប់ ព្រមទាំងមិនផ្តល់ប្រាក់អតីតភាពការងារឱ្យឡើយ។ ក្រោយពេលក្រុមហ៊ុនធ្វើបែបនេះ កម្មករទាំងនោះបាននាំគ្នាតវ៉ាទាមទារឱ្យស្ថាប័នក្រសួងការងារ ឬអាជ្ញាធរពាក់ព័ន្ធនានាជួយរកដំណោះស្រាយជូនពួកគាត់។

កម្មករទាំងនោះបានឱ្យដឹងថា ថៅកែរោងចក្រកាត់ដរសម្លៀកបំពាក់ខាងលើ បានផ្អាកដំណើរការបណ្តោះអាសន្នរយៈពេល២ខែកន្លងមកហើយ ដោយគ្មានសម្ភារៈសម្រាប់ឱ្យកម្មករធ្វើ ហើយថៅកែបានផ្តល់ប្រាក់៤០ភាគរយនៃចំនួនប្រាក់ឈ្នួលជូនកម្មករ។

លុះនៅព្រឹកទី២៣ ខែមេសា ខាងរោងចក្របានហៅឱ្យកម្មករជាង៣០០នាក់ ទៅបើកប្រាក់ឈ្នួល៤០ភាគរយ ហើយបានដាក់នៅក្នុងលិខិតការងារថា កម្មករទាំងអស់ជាអ្នកសុំលាលែង (សុំឈប់) ពីការងារទៅវិញ។ មិនតែប៉ុណ្ណោះបានលើកហេតុផលថា កម្មករលាឈប់ មិនផ្តល់ប្រាក់អតីតភាពការងារឱ្យឡើយ។ នៅពេលឃើញបែបនេះ បានធ្វើឱ្យកម្មករទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប្រមូលផ្តុំគ្នាធ្វើកូដកម្មតវ៉ាតែម្តង។

កម្មករបានបន្តឱ្យដឹងទៀតថា រោងចក្រមួយនេះ មានកម្មករ-កម្មការិនីបម្រើការងារចំនួន១០២០នាក់ ហើយពួកគាត់ខ្លះបានបម្រើការងារនៅទីនោះជាង៥ឆ្នាំ និងខ្លះទៀតជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែរយៈពេលចុងក្រោយនេះ ពុំបានដឹងថា រោងចក្រត្រូវក្ស័យធន ឬយ៉ាងណានោះទេ ស្រាប់តែរោងចក្របានប្រកាសផ្អាកបណ្តោះអាសន្ន និងផ្តល់ជូនកម្មករម្នាក់ៗនូវប្រាក់ចំនួន៤០ភាគរយនៃចំនួនប្រាក់ខែគោល ហើយមានរយៈពេល២ខែកន្លងមកហើយ ដោយពួកគេក៏យល់ព្រមទទួល។

ប៉ុន្តែស្រាប់តែពេលនេះ ខាងរោងចក្របញ្ឈប់ពួកគាត់សោះ បែរជាមានការប្រកាសថា ពួកគេជាអ្នកសុំលាលែងទៅវិញ ទើបពួកគេមិនអាចទទួលយកបាន ហើយការប្រកាសបែបនេះក៏ព្រោះតែខាងរោងចក្រមិនចង់ផ្តល់ប្រាក់ឈ្នួលពេញ រួមទាំងប្រាក់អតីតភាពការងារជូនពួកគេតែប៉ុណ្ណោះ៕