ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនិងជូនពរជ័យសិរីសួស្តី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកអ៊ិស្លាមនៅទូទាំងពិភពលោក ដែលបានចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានសូមការអធ្យាស្រ័យយោគយល់ពីបងប្អូនសាសនិកខ្មែរ-អ៊ិស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌន ថ្នាក់ជាតិ លើកទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និងការផ្អាកការថ្វាយបង្គំនៅតាមវិហារស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី២៣ ខែមេសា ឆ្នា២០២០ ថា “ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្តី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរ-អ៊ិស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកអ៊ិស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី០១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរ-អ៊ិស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនិងប្រជាជនកម្ពុជា”។

សម្តេចហ៊ុន សែន បានសរសេរបន្តថា “ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរ-អ៊ិស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិ លើកទី៧ ដែលបានគ្រោងធ្វើនៅថ្ងៃទី២៩ ខែមេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និងសុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការ ប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។

ខ្ញុំសូមបួងសួងសុំឱ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រើនញ្ហរ៉កាត់ គ្រប់ៗគ្នា ពីព្រះអល់ឡោះ និងសុំឱ្យព្រះអល់ឡោះទទួលយកនូវកុសលផលបុណ្យខែបួស រ៉ាម៉ាឌនទាំងអស់ ដែលបងប្អូនបានប្រតិបត្តិសាងឡើង កុំបីអាក់ខានឡើយ“៕
ខៀវទុំ