ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់នៅសុខៗក៏បានចេញបាត់ពីផ្ទះដោយគ្មាដំណឹង ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ នាំគ្នាចេញតាមស្វែងរកសព្វកន្លែងអស់រយៈពេល៧ថ្ងៃមកហើយ នៅតែមិនមានដំណឹងបន្តិចណាសោះ ទើបសម្រេចប្តឹងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច និងប្រកាសរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៧ថ្ងៃ ដោយមិនទាន់ទទួលបានដំណឹងអ្វីបន្តិចសោះនេះ មានឈ្មោះសុខ បូណា ហៅស្រីនាង អាយុ២០ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយគ្រួសារក្នុងបន្ទាយ៩១១ ស្ថិតក្នុងខណ្ឌកំបូល។ នារីរូបនេះបានបាត់ខ្លួនចេញពីផ្ទះតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០មកម៉្លេះ។

តាមប្រភពពីបុរសជាឪពុករបស់នារីវ័យក្មេងដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កន្លងមកកូនស្រីរបស់គាត់មិនធ្លាប់ដើរហើរបាត់ពីផ្ទះផ្តេសផ្តាសនោះទេ ទោះចង់ទៅណាមកណាតែងប្រាប់ឪពុកម្តាយឱ្យដឹង និងតែងវិលមកវិញទៀងពេលវេលាណាស់។

ស្រាប់តែមកដល់ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅសុខៗកូនស្រីម្នាក់នេះក៏បានចេញពីផ្ទះបាត់ ដោយមិនបានប្រាប់អ្នកណាម្នាក់សោះ ថានាងទៅណាមកណា លុះក្រោយពេលបាត់កូនយូរ យប់ទៅហើយនៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកវិញ ទើបពួកគាត់បាននាំគ្នាចេញដើរតាមរក ប៉ុន្តែគ្មានតម្រុយបន្តិចណាសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចកូនស្រី ត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំយកទៅធ្វើបាប។

ដោយសារតែតាមស្វែងរកកូនស្រីអស់រយៈពេល៧ថ្ងៃទៅហើយ នៅតែមិនមានដំណឹងសោះ ទើបក្រុមគ្រួសារបានសម្រេចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច និងប្រកាសអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដូចក្នុងភិនភាគនេះ សូមទំនាក់ទំនងមកលេខឪពុក ០៦៩ ៥៥ ៦០ ៨០ និង ០១៧ ៦០០ ៧១៩ ដោយក្តីអនុគ្រោះផងចុះ៕