Tuesday, November 25, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ជំងឺកូវីដ-១៩ អាចចប់ ទាល់តែរកឃើញវ៉ាក់សាំងការពារ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ជំងឺកូវីដ-១៩ អាចចប់ ទាល់តែរកឃើញវ៉ាក់សាំងការពារ

ភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩ (Covid-19) អាចចប់ទាំងស្រុងទៅបាននៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ទាល់តែរកឃើញវ៉ាក់សាំងការពារ និងរូបមន្តព្យាបាលមានប្រសិទ្ធភាពពិតប្រាកដ ហើយបើមានវ៉ាក់សាំងកូវីដ-១៩ លោកស្នើអង្គការសុខភាពពិភពលោក ផ្តល់ជូនកម្ពុជា មុនគេសម្រាប់ចាក់ការពារឱ្យបានមុនពេលជំងឺនេះឆ្លងរីករាលដាលដល់សហគមន៍ក្នុងប្រទេស។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ (Covid-19)  នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា “ការចប់ ដូចខ្ញុំជម្រាបជូនពីមុន ចប់ទៅបាន លុះត្រាតែមានវ៉ាក់សាំងចាក់ការពារ ហើយនិងមានរូបមន្តព្យាបាលមានប្រសិទ្ធភាព ហ្នឹងចប់ហើយ បើមាន ខ្ញុំសុំចាក់មុនគេ…”។

ជាមួយនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រោះមកទល់ពេលនេះ គ្មានវ៉ាក់សាំងសម្រាប់ចាក់ការពារ ឬថ្នាំព្យាបាលនៅឡើយទេ ហើយស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅក្នុងភាពផុយស្រួយ ព្រោះមានការចម្លងពីក្រៅ និងមានការឆ្លងពីអ្នកក្នុងស្រុក ទៅអ្នកក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា តាមប្រភពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមេសា ២០២០ កម្ពុជា ពុំរកឃើញអ្នកជំងឺកូវីដ-១៩ ករណីថ្មីទៀតទេ។ ជាសរុបប្រទេសយើងមានចំនួន​១២២ករណី​​ដដែល​ និងមាន៣ករណីជាសះស្បើយ​ សរុប១១០នាក់ ស្លាប់គ្មាន។

ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើ អនាម័យ លាងដៃឱ្យបានញឹកញាប់ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់៕

ខៀវទុំ

RELATED ARTICLES