ភ្នំពេញ ៖ បុរសជាសន្តិសុខយាមនៅផ្សារទំនើបអូឡាំព្យាម្នាក់ កំពុងឈរយាមសុខៗក៏ស្រាប់តែកើតអាការដួលស្លាប់មួយរំពេចបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតចំណុចបរិវេណផ្សារទំនើបអូឡាំព្យារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

បុរសរងគ្រោះខាងលើ មានឈ្មោះណាំ រដ្ឋា អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខយាមផ្សារទំនើបអូឡាំព្យា មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

តាមប្រភពព័តមានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែឈរយាមសុខៗ ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចក៏ដេកដួលស្លាប់មួយរំពេចតែម្តង ដោយមិនមានសន្តិសុខ ឬបុគ្គលិកណាជួយសង្គ្រោះទាន់ពេលវេលានោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះយកទៅធ្វើកោសល្យវិច័យនៅឯវត្តស្ទឹងមានជ័យ រួចកម្លាំងជំនាញបានសន្និដ្នានថា មូលហេតុដោយសារជនរងគ្រោះមានជំងឺលើសឈាម ហើយក៏ធ្វើកំណត់ហេតុរួចរាល់ ប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង៕