Tuesday, November 25, 2025
Homeព័ត៌មានជាតិ"ម៉ាក់ ស្រីពេជ្រ" អស់លុយជិត៥ពាន់ដុល្លារ សមត្ថកិច្ចសន្និដ្ឋានថាជាករណីបន្លំលួច

“ម៉ាក់ ស្រីពេជ្រ” អស់លុយជិត៥ពាន់ដុល្លារ សមត្ថកិច្ចសន្និដ្ឋានថាជាករណីបន្លំលួច

ភ្នំពេញ ៖ ជនសង្ស័យ១ក្រុម កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបន្លំចូលផ្ទះវេរលុយវីងមួយកន្លែងឈ្មោះ ម៉ាក់ ស្រីមាស ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើសកម្មភាពលួចយកលុយអស់ប្រមាណជិត៥ពាន់ដុល្លារ។

ដំបូងឡើងករណីនេះ បានធ្វើឱ្យសាធារណជនយល់ថាជាករណីប្លន់ ដោយសារតែម្ចាស់ផ្ទះបានអះអាងថា “ចោរប្លន់” ប៉ុន្តែបើតាមលោកម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ករណីខាងលើនេះគឺមិនមែនជាករណីប្លន់នោះទេ ប៉ុន្តែជាករណីក្លែងបន្លំលួចយកប្រាក់ពីកន្លែងវេរលុយវីងតែម្តង។

លោកអធិការបានបន្តថា នៅមុនកើតហេតុមានជនសង្ស័យមានគ្នាជាច្រើននាក់បានបន្លំចូលទិញកាតទូរស័ព្ទ ដោយហុចក្រដាស១០ដុល្លារដើម្បីទិញកាត ខណៈដែលម្ចាស់ផ្ទះកំពុងភ្លេចខ្លួនក៏មានបក្សពួកផ្សេងទៀតបានចូលទៅលួចយកកាបូបលុយបានសម្រច រួចគេចខ្លួនបាត់អស់តែម្តង។

លោកម៉ន វុធី បានបន្ថែមទៀតថា ក្រោយពេលជនសង្ស័យគេចខ្លួនបាត់ ទើបម្ចាស់ទីតាំងស្រែក ផ្អើលឆោឡោថា ជាករណីប្លន់ ភ្លាមៗនោះកម្លាំងជំនាញរបស់លោកបានចុះទៅដល់តាំងកើតហេតុភ្លាមៗ និងសួរនាំគ្រប់ជ្រុងជ្រោយ ទើបសន្និដ្ឋានថាជាករណីបន្លំលួចតែប៉ុណ្ណោះ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ថានខណ្ឌពោធិ៍សែនជ័យ កំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនក្រុមជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES